ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World Vision, UNICEF និង CARE ប្រចាំនៅកម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងចំណេះដឹងផ្នែកច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសារវន្តដើម្បីធានាថា ការផលិត និងផ្សព្វផ្សាយព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ ជាពិសេសកុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព ព្រមទាំងចូលរួមលើកកម្ពស់តម្លៃសារព័ត៌មានឱ្យកាន់តែមានទំនុកចិត្តពីសាធារណជន។ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គេមិនគួរយកលេសថា ខ្លួនមិនដឹងអំពីច្បាប់ មិនបានដឹងពីក្រមសីលធម៌ ឬខ្វះការយល់ដឹងពីវិជ្ជាជីវៈ ដើម្បីគេចវេសពីការទទួលខុសត្រូវបានឡើយ។ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌សង្គម និងនិយាមនៃការផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចចម្បង ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាងដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដង ដោយសារតែការរាយការណ៍ ឬមាតិការបស់ខ្លួន។សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃក្រមសីលធម៌សារព័ត៌មាន សម្រាប់ឱ្យសមាគម និងអ្នកសារព័ត៌មានយកទៅអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងការពារពីការប្រឈមមុខចំពោះមុខច្បាប់ធ្ងន់ធ្ងរ។ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នៅចុងខែកញ្ញាខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ តាមគម្រោង សិក្ខាសាលានេះនឹងមានអ្នកចូលរួមពីតំណាងអន្តរក្រសួង អង្គការដៃគូ តំណាងក្រុមជនងាយរងគ្រោះ អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីស្តាប់សំឡេង និងប្រមូលធាតុចូល ដើម្បីគាំទ្រដល់គោលដៅរួម និងឆ្លើយតបទៅនឹងតម្រូវការសង្គម សំដៅលើកកម្ពស់ការការពារសិទ្ធិជនងាយរងគ្រោះ ព្រមទាំងបង្កើនគុណតម្លៃ និងទំនុកចិត្តលើវិស័យសារព័ត៌មាននៅកម្ពុជា។ឯកឧត្តមបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ក្រោយពេលដែលក្រសួងព័ត៌មាននឹងប្រកាសដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិជនងាយរងគ្រោះ» អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំស្វែងយល់ឱ្យបានស៊ីជម្រៅ និងយកទៅអនុវត្តដោយការទទួលខុសត្រូវ បន្ថែមលើលិខិតបទដ្ឋានជាធរមានស្រាប់ ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន ការផ្សាយព័ត៌មាន និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណជាង ១ ៦០០ អង្គភាពទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី កំពុងអនុវត្តការងាររបស់ខ្លួននៅទូទាំងប្រទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ