ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ សកល សេរី ត្រឹមត្រូវ និងសម្ងាត់។ ក្រុមប្រឹក្សាមានតួនាទីដឹកនាំ គ្រប់គ្រង ធ្វើសេចក្តីសម្រេចចិត្តនិងត្រួតពិនិត្យការអនុវត្តកិច្ចការរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌។ឯកឧត្ដមបន្តថា ដើម្បីធានាឱ្យដំណើរការដឹកនាំ និងការចាត់ចែងការងារ ប្រព្រឹត្តទៅដោយរលូន ទាំងរចនាសម្ព័ន្ធ និងធនធានមនុស្សរបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងដូចខាងក្រោម៖១-សមាសភាព និងភាពជាតំណាង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ចំនួន ១.៦៥២ នៅទូទាំងប្រទេស។ រដ្ឋបាលឃុំ សង្កាត់នីមួយៗមានចំនួនសមាជិកក្រុមប្រឹក្សាចាប់ពី ៥រូប ដល់ ១១រូប អាស្រ័យលើកត្តាប្រជាសាស្ត្រ និងទំហំភូមិសាស្ត្រជាក់ស្តែង។ ទូទាំងប្រទេសក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិក សរុបចំនួន១១.៦២២រូប ក្នុងនោះស្ត្រីមានចំនួន ២.៥៦៩រូប (ស្មើនឹង ២២,៣% នៃសមាជិកសរុប) ដោយមានការបែងចែកតាមមុខតំណែងដឹកនាំដូចខាងក្រោម៖− មេឃុំ៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ១៣៩រូប)− ចៅសង្កាត់៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៣៤រូប)− ជំទប់ទី១៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ២៧៣រូប)− ជំទប់ទី២៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ១៦០រូប)− ចៅសង្កាត់រងទី១៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៦៧រូប)− ចៅសង្កាត់រងទី២៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៣៩រូប)− សមាជិកក្រុមប្រឹក្សាផ្សេងទៀត៖ សរុបចំនួន ៦.៦៦៦រូប(ស្ត្រីចំនួន១.៨៥៧រូប)។ទិន្នន័យខាងលើនេះ បានបង្ហាញពីភាពជាតំណាងស្របច្បាប់ និងទូលំទូលាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។ ទន្ទឹមនឹងការកើនឡើងនៃវត្តមាន និងតួនាទីរបស់ស្ត្រីក្នុងជួរថ្នាក់ដឹកនាំនៅមូលដ្ឋាន ភាគរយនៃស្ត្រីជាមេឃុំនិងចៅសង្កាត់នៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបុរស ដែលចំណុចនេះត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់បន្ថែមទៀតក្នុងអាណត្តិខាងមុខ។២-ស្មៀនឃុំ សង្កាត់ និងបុគ្គលិកគាំទ្រ៖ ដើម្បីគាំទ្រដល់ដំណើរការការងាររបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការនានាយន្តការសេនាធិការរដ្ឋបាល និងបុគ្គលិកជំនួយការរបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ក្នុងនោះ៖− ស្មៀនឃុំ សង្កាត់៖ ស្មៀនគឺជាសេនាធិការស្នូលឲក្រុមប្រឹក្សាក្នុងការរៀបចំកិច្ចប្រជុំ ការតាក់តែងដីកា សេចក្តីសម្រេច គ្រប់គ្រងឯកសារ លិខិតបទដ្ឋាន គាំទ្រការរៀបចំផែនការ ថវិកា និងសម្របសម្រួលការផ្តល់សេវារដ្ឋបាលប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។ រដ្ឋបាលឃុំ សង្កាត់នីមួយៗមានស្មៀនចំនួន១រូប ដែលជាមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ ក្នុងអាណត្តិទី៥នេះ មានស្មៀនសរុបចំនួន ១.៦៥២រូប (ស្ត្រីចំនួន ៣២៦រូប ស្មើនឹងប្រមាណ ២០%)។− បុគ្គលិកកិច្ចសន្យា៖ ដើម្បីឆ្លើយតបទៅនឹងទំហំការងារ និងមុខងារដែលត្រូវបានផ្ទេរបន្ថែម ក្រុមប្រឹក្សាឃុំ សង្កាត់បានជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបប្រមាណ៨.០៤៥នាក់ទូទាំងប្រទេស រួមមាន៖✓ ជំនួយការរដ្ឋបាល៖ មានចំនួន ២.៨៦៣នាក់ (ស្ត្រី ១.៣៩២នាក់) ទទួលបន្ទុកការងារ លិខិតស្នាម បណ្ណសារ ការផ្តល់សេវា និងការបញ្ចូលទិន្នន័យ។✓ ជំនួយការហិរញ្ញវត្ថុ៖ មានចំនួន ១.៦៥២នាក់ (ស្ត្រី ៣២៦នាក់) ទទួលបន្ទុកការងារគណនេយ្យ ថវិកា លិខិតយុត្តាធិការ និងរបាយការណ៍ហិរញ្ញវត្ថុ។✓ គ្រូមត្តេយ្យសិក្សាសហគមន៍៖ មានចំនួន ៣.៣៤៨នាក់(ស្ត្រី ២.៨៩៦នាក់) បំពេញភារកិច្ចបង្រៀន និងថែទាំកុមារតូចនៅតាមសហគមន៍។✓ ជំនួយការសេវាសង្គម និងអនាម័យបរិស្ថាន៖ មានចំនួន១៨២នាក់ (ស្ត្រី ១៣៦នាក់) ជួយសម្របសម្រួលសកម្មភាពគាំពារសង្គម ជនងាយរងគ្រោះ និងការគ្រប់គ្រងបរិស្ថានមូលដ្ឋាន។ការបង្កើតមុខតំណែងជំនួយការទាំងនេះ បានឆ្លុះបញ្ចាំងពីការប្រែក្លាយរដ្ឋបាលឃុំ សង្កាត់ ពីស្ថាប័នរដ្ឋបាលសាមញ្ញ ទៅជារដ្ឋបាលមូលដ្ឋានដែលទាមទារនូវជំនាញបច្ចេកទេសចម្រុះ និងមានរចនាសម្ព័ន្ធការងារកាន់តែរឹងមាំនិងទូលំទូលាយ។៣-ការគ្រប់គ្រងភូមិ និងរចនាសម្ព័ន្ធមន្ត្រីភូមិ៖ ភូមិគឺជាយន្តការរដ្ឋបាលដែលស្ថិតនៅកៀកជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាស្ពានតភ្ជាប់មិនអាចខ្វះបានរវាងសហគមន៍មូលដ្ឋាន ជាមួយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ទាល់ និងរាជរដ្ឋាភិបាលក្នុងនោះ៖− រចនាសម្ព័ន្ធភូមិ៖ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានភូមិសរុបចំនួន ១៤.៥៩០ ភូមិ ដែលភូមិនីមួយៗត្រូវបានកំណត់លេខកូដសម្គាល់ស្តង់ដាជាផ្លូវការ ស្របតាមអនុក្រឹត្យលេខ ២៨០ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធានាសង្គតិភាពនៃការគ្រប់គ្រងទិន្នន័យរដ្ឋបាលទូទាំងប្រទេស។− សមាសភាពថ្នាក់ដឹកនាំភូមិ៖ ភូមិនីមួយៗមានថ្នាក់ដឹកនាំចំនួន ៣រូប (មេភូមិ អនុ-ប្រធានភូមិ និងសមាជិកភូមិ) ស្របតាមសេចក្តីណែនាំលេខ ០០៤ ស.ណ.ន។ តាមទិន្នន័យបច្ចុប្បន្ន ថ្នាក់ដឹកនាំភូមិនៅទូទាំងប្រទេសមានសរុបចំនួន ៤៣.៧៧០រូប ក្នុងនោះស្ត្រីមានចំនួន ១២.៥២៨រូប(ស្មើនឹង ២៩% នៃចំនួនសរុប)។បណ្តាញថ្នាក់ដឹកនាំភូមិជាង ៤ម៉ឺនរូបនេះ គឺជាកម្លាំងប្រតិបត្តិករជួរមុខដ៏សំខាន់ក្នុងការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រ ការផ្សព្វផ្សាយគោលនយោបាយ ការប្រមូលព័ត៌មានតម្រូវការសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនិងជនងាយរងគ្រោះ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងបញ្ហាបន្ទាន់នានាក្នុងសហគមន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ