រយៈពេលជាង៤ឆ្នាំ ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានសម្រេចសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមរយៈការបូកសរុបលទ្ធផលការងារក្នុងរយៈពេលជាង៤ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់លើវិស័យជាច្រើន ដូចខាងក្រោម៖
១-ការពង្រឹងក្របខ័ណ្ឌគតិយុត្ត អំណាចបញ្ញត្តិ និងរបៀបរបបការងារ៖
− ការបន្តពង្រឹងក្របខ័ណ្ឌគតិយុត្ត៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដោយមានលេខាធិការដ្ឋានគ.ជ.អ.ប ជាសេនាធិការ និងមានការចូលរួមយ៉ាងសកម្មពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំនិងដាក់ឱ្យអនុវត្តនូវក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងរដ្ឋបាលឃុំ សង្កាត់ មានចំនួន៥៤ បន្ថែមលើលិខិតបទដ្ឋានប្រមាណជិត៦០០ដែលបានដាក់ចេញតាំងពីឆ្នាំ២០០២។ ក្នុងនោះមានលិខិតបទដ្ឋានគន្លឹះៗ រួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យលេខ ១៥៣ អនក្រ.បក ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់, អនុក្រឹត្យលេខ ១៥៤ អនក្រ.បក ស្តីពីការផ្ទេរធនធានបន្ថែមសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន, អនុក្រឹត្យលេខ ២៤៩ អនក្រ.បក ស្តីពីការកំណត់អត្រាចែករំលែកពីសេវាសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ, អនុក្រឹត្យលេខ ២៨០ អនក្រ.បក ស្តីពីការកំណត់លេខកូដសម្គាល់រដ្ឋបាល, ប្រកាសលេខ ១៨០ ស្តីពីសៀវភៅណែនាំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ និងសារាចរអន្តរក្រសួងលេខ ០០៧ (២០២៥) ស្តីពីការគ្រប់គ្រងថវិកាសេវាសង្គម និងអនាម័យបរិស្ថាន។
− ការប្រើប្រាស់អំណាចបញ្ញត្តិ និងកិច្ចការរដ្ឋបាល៖ក្រុមប្រឹក្សាឃុំ សង្កាត់ បានប្រើប្រាស់អំណាចបញ្ញត្តិស្របតាមច្បាប់ ដោយបានអនុម័តដាក់ចេញនូវដីកាសរុបចំនួន ១១.៥៨៦ ដីកា (ដូចជា ដីកាបទបញ្ជាផ្ទៃក្នុង ដីកាកំណត់តម្លៃសេវា ដីកាបង្កើតមត្តេយ្យសហគមន៍ និងការតែងតាំងជំនួយការហិរញ្ញវត្ថុ) ព្រមទាំងបានចេញសេចក្តីសម្រេច និងលិខិតរដ្ឋបាលនានាសរុបចំនួន៤.៣១០.៩៤៧ច្បាប់ ដើម្បីចាត់ចែងការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
− របៀបរបបប្រជុំក្រុមប្រឹក្សា៖ ដំណើរការប្រជុំតាមបែបប្រជាធិបតេយ្យនិងសមូហភាពត្រូវបានអនុវត្តជាប់ជាប្រចាំ ដោយបានរៀបចំកិច្ចប្រជុំសាមញ្ញចំនួន ៧៩.២៩៦លើក និងកិច្ចប្រជុំវិសាមញ្ញចំនួន៦៣.៧៨២លើក (ក្នុងនោះមានកិច្ចប្រជុំសម្ងាត់ចំនួន ១.៨៨៩លើក) ដើម្បីពិនិត្យ អនុម័ត និងដោះស្រាយបញ្ហាបន្ទាន់នានារបស់មូលដ្ឋានបានទាន់ពេលវេលា។
២-ការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការអភិវឌ្ឍន៍ និងការវិនិយោគនៅមូលដ្ឋាន៖
− ការកើនឡើងនៃធនធានហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធមូលនិធិថ្មី៖ មូលនិធិឃុំ សង្កាត់ បាន បន្តកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណជិត ៨លានដុល្លារអាម៉េរិក (ឆ្នាំ២០០២) ដល់ ប្រមាណ ៣៣៣លានដុល្លារអាម៉េរិក (ក្នុងឆ្នាំ២០២៦ ដោយរួមបញ្ចូលទាំងការផ្ទេរបន្ថែម ១% នៃចំណូលចរន្តថ្នាក់ជាតិ និងចំណូលពន្ធចែករំលែក ៦%) ពិសេសមូលនិធិត្រូវបានកែសម្រួលជារចនាសម្ព័ន្ធ៣សមាសភាគច្បាស់លាស់ គឺ៖ (១) សមាសភាគរដ្ឋបាលទូទៅ, (២) សមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន (ដែលបានកំណត់មុខសញ្ញាចំណាយលើ ១១វិស័យ), និង (៣) សមាសភាគអភិវឌ្ឍន៍មូលដ្ឋាន។
− ការរៀបចំផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល៖រដ្ឋបាលឃុំ សង្កាត់ បានរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលជាប្រចាំ ដោយឈរលើការពិគ្រោះយោបល់ និងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មផែនការនៅថ្នាក់ក្រុង ស្រុក ខណ្ឌដើម្បីកៀរគរធនធានបន្ថែម។
− ការអនុវត្តគម្រោងវិនិយោគប្រចាំឆ្នាំ៖ រដ្ឋបាលឃុំ សង្កាត់ បានរៀបចំនិងអនុវត្ត គម្រោងវិនិយោគប្រចាំឆ្នាំ(២០២២-២០២៥)ដោយបានអនុវត្តបញ្ចប់គម្រោងឬសកម្មភាពជាច្រើន រួមមាន៖
➢ ផ្នែកសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ៖ អនុវត្តសម្រេចបានចំនួន៩.៨២៤គម្រោងក្នុងនោះគម្រោងសាងសង់និងកែលម្អផ្លូវបេតុងមានប្រវែងសរុប ៤.៥២០,៨២គ.ម, ផ្លូវកៅស៊ូប្រវែង ៤០,២៣គ.ម, ផ្លូវគ្រួសក្រហមប្រវែង១១.៤៣៤,១៨ គ.ម និងស្ពានបេតុងខ្នាតតូចប្រវែង២៩,១០គ.ម ព្រមទាំងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដែលបានសម្រួលដល់ការធ្វើដំណើរ ការបង្កបង្កើនផល ការតភ្ជាប់ទីផ្សារ និងការជំរុញផលិតកម្មកសិកម្មនៅមូលដ្ឋាន។
➢ ផ្នែកសង្គមកិច្ច៖ អនុវត្តសម្រេចបានចំនួន៣៤.៦៣០គម្រោង/ សកម្មភាព ដោយផ្តោតលើមត្តេយ្យសិក្សាសហគមន៍ សុខភាពមាតានិងកុមារ អាហារូបត្ថម្ភ សុខភាពបន្តពូជ ទឹកស្អាត អនាម័យ និងកិច្ចការពារជនងាយរងគ្រោះ។
➢ ផ្នែកធនធានធម្មជាតិនិងបរិស្ថាន៖ អនុវត្តសម្រេចបានចំនួន៧.៥៨៥គម្រោង/ សកម្មភាព ដោយផ្តោតលើការគ្រប់គ្រងសំរាម សំណល់រឹងរាវ ការដាំដើមឈើ អភិរក្សព្រៃសហគមន៍ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
➢ ផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់៖ អនុវត្តសម្រេចបានចំនួន១២.៥២២ គម្រោង/ សកម្មភាព ដោយផ្តោតលើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការល្បាត និងការទប់ស្កាត់បទល្មើសនៅមូលដ្ឋាន។
៣-ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចគាំពារសង្គម៖ដោយសាររដ្ឋបាលឃុំ សង្កាត់ជាថ្នាក់រដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋបំផុតនិងមានឥទ្ធិពលដោយផ្ទាល់លើទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈ និងផ្អែកតាមតួនាទីដែលច្បាប់បានកំណត់ រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចរៀបចំ និងចាត់ចែងសេវាសាធារណៈចាំបាច់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ រួម លើកកម្ពស់ផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
នៅអាណត្តិទី៥នេះ ការផ្តល់សេវារដ្ឋបាលត្រូវបានបន្តពង្រឹងតាមយន្តការច្រកចេញចូលតែមួយ ដោយផ្តោតលើការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពគណនេយ្យភាព និងភាពរហ័ស ក្នុងនោះ រួមមាន៖
− ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ៖រដ្ឋបាលឃុំ សង្កាត់ បានផ្តល់សេវាអត្រានុកូលដ្ឋានចំនួនសរុប ៨.៥៨៧.១៥៦សេវា (ជាមធ្យម ១.២៩៩ សេវា/ឃុំ-សង្កាត់/ឆ្នាំ)រួមមាន៖ ការចេញសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ មរណភាព និងសេចក្តីចម្លង និងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្តល់សេវាអត្តសញ្ញាណកម្ម រួមមាន៖ផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ សរុបចំនួន៥.១៨២.០៤២សេវា។
− លិខិតបញ្ជាក់រដ្ឋបាលផ្សេងៗ៖ ចេញលិខិតបញ្ជាក់ភាពនៅលីវ លិខិតបញ្ជាក់លំនៅឋាន ការតបណ្តាញទឹកស្អាត អគ្គិសនី និងលិខិតបញ្ជាក់ផ្សេងៗ សរុបចំនួន៩.០៥០.៨៧២សេវា (ជាមធ្យម ១.៣៧០ សេវា/ឃុំ-សង្កាត់/ឆ្នាំ)។
− ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍៖ បានបន្តគ្រប់គ្រង និងដំណើរការមត្តេយ្យសិក្សាសហគមន៍ចំនួន៣.៣៤៨កន្លែង ស្ថិតក្នុងឃុំ សង្កាត់ចំនួន ១.១១៩ (សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥) ដោយមានគ្រូបង្រៀនកិច្ចសន្យាចំនួន ៣.៣៤៨នាក់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកុមារតូច។
− ការអនុវត្តកម្មវិធីជាតិគាំពារសង្គម៖ រដ្ឋបាលឃុំ សង្កាត់ និងមន្ត្រីភូមិ បានបំពេញតួនាទីស្នូលក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យ ការផ្ទៀងផ្ទាត់ទិន្នន័យ ការចុះផ្សព្វផ្សាយដល់ខ្នងផ្ទះ និងការសម្របសម្រួលឱ្យប្រជាពលរដ្ឋទទួលបានបណ្ណសមធម៌ និងអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋា-ភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។
៤-ការសម្រុះសម្រួលដោះស្រាយវិវាទ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៖
− ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ៖ រដ្ឋបាលឃុំ សង្កាត់ បានដើរតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការផ្សះផ្សា និងដោះស្រាយទំនាស់ក្នុងសហគមន៍។ ក្នុងអាណត្តិទី៥ រដ្ឋបាលឃុំ សង្កាត់ទទួលបានសំណើសុំសម្រុះសម្រួលសរុបចំនួន ២៣០.៤៨១ករណី (មធ្យម៣៥ ករណី/ឃុំ-សង្កាត់/ឆ្នាំ)ក្នុងនោះបានសម្រុះសម្រួលបញ្ចប់នៅថ្នាក់ឃុំ សង្កាត់បានចំនួន២១៥.៧១៣ករណី(ស្មើនឹង៩៣%)និងបញ្ជូនបន្តទៅស្ថាប័ន មានសមត្ថកិច្ចចំនួន ១៤.៧៦៨ករណី (ស្មើនឹង ៧%)ដែលបានជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការនិងរក្សាបាននូវសាមគ្គីភាពក្នុងមូលដ្ឋាន។
− ការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ បានសហការជិតស្និទ្ធជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ក្នុងការល្បាត ទប់ស្កាត់បទល្មើស គ្រឿងញៀន ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការប្រឡងប្រណាំងប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ មានឃុំ សង្កាត់ចំនួន ១.២៤៣ ទទួលបានចំណាត់ថ្នាក់លេខ១, ចំនួន ៣៦៤ ទទួលបានលេខ២ និងចំនួន ៤១ ទទួលបានលេខ៣។
− ការគាំទ្រការងារបោះឆ្នោត៖ បានសហការគាំទ្រ គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលគិតត្រឹមឆ្នាំ២០២៥ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ១០.១៦២.២៣២នាក់។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧គ.ជ.ប បានចាប់ផ្តើមចែកលិខិតអញ្ជើញ(ប័ណ្ណព័ត៌មាន)អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ចាប់ថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលាឆ្នាំ២០២៦ និងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៦។
៥-អភិបាលកិច្ច បរិវត្តកម្មឌីជីថល និងការកសាងសមត្ថភាព៖
− ការងារគណនេយ្យភាពសង្គម (ISAF)៖ ត្រូវបានពង្រីកវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស រួមមាន៖ រដ្ឋបាលឃុំ សង្កាត់ចំនួន ១.៥៥០ (ស្មើនឹង ៩៤%), សាលាបឋមសិក្សាចំនួន ៦.៩២២ (ស្មើនឹង ៩៤%) និងមណ្ឌលសុខភាពចំនួន១.២៥៦ (ស្មើនឹង ៩៦%) នៅក្នុងក្រុង ស្រុក ខណ្ឌចំនួន ១៩០ នៃរាជធានី-ខេត្តទាំង ២៥ ដែលបានលើកកម្ពស់តម្លាភាព និងការចូលរួមត្រួតពិនិត្យពីប្រជាពលរដ្ឋ។
− ការធ្វើបរិវត្តកម្មឌីជីថល៖ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ រួមមាន ប្រព័ន្ធ FMIS Portal សម្រាប់ស្គែននិងបញ្ជូនឯកសារចំណាយ, ប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ និងកម្មវិធីឌីជីថលគណនេយ្យភាពសង្គម ដែលជួយកាត់បន្ថយការប្រើក្រដាស បង្កើនល្បឿន និងពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ។
− ការកសាងសមត្ថភាព និងភាពជាដៃគូ៖ សមាជិកក្រុមប្រឹក្សា ស្មៀន និងបុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលនានាសរុបចំនួន ១៤៤.៣៣៧ វគ្គ/លើក ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន៕