ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ សម្រាប់អាណត្តិទី៦យ៉ាងដូច្នេះថា ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិទី៥ ជាពិសេសការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការកើនឡើងធនធាន ការពង្រីកសេវាសាធារណៈនិងសេវាសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគាំពារសង្គម ការរក្សាសន្តិសុខសហគមន៍ និងការចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងផ្អែកលើបញ្ហាប្រឈមដែលនៅសេសសល់ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ត្រូវបន្តពង្រឹងសមិទ្ធផលទាំងនេះ និងកែប្រែរបៀបបំពេញការងារពីការផ្តោតលើនីតិវិធី និងបរិមាណសកម្មភាព ទៅរកការគ្រប់គ្រងផ្អែកលើលទ្ធផល គុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ សមធម៌ បរិយាបន្ន និងចីរភាព។ទិសដៅនេះត្រូវអនុវត្តឱ្យស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្សារភ្ជាប់អាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ក្នុងនោះរួមមាន៖១-ចក្ខុវិស័យ និងគោលការណ៍គ្រឹះ៖− ចក្ខុវិស័យ៖ កសាងក្រុមប្រឹក្សា និងរដ្ឋបាលឃុំ សង្កាត់ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានតាមបែបប្រជាធិបតេយ្យ ដែលមានសមត្ថភាព ភាពម្ចាស់ការ តម្លាភាព គណនេយ្យភាព បរិយាបន្ន ភាពឆ្លើយតប និងភាពធន់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសមស្រប ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងដឹកនាំការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពង្រឹងតួនាទីជាស្ថាប័នតំណាងប្រជាពលរដ្ឋ ជាស្ថាប័នធ្វើសេចក្តីសម្រេច ជាអ្នកដឹកនាំការអភិវឌ្ឍមូលដ្ឋាន ជាអ្នកសម្របសម្រួលសេវា និងជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។− គោលការណ៍គ្រឹះចំនួន ៧ ចំណុច៖➢ ប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ដោយការរៀបចំផែនការ ថវិកា ការផ្តល់សេវា និងការវាយតម្លៃ ត្រូវចាប់ផ្តើមពីតម្រូវការអាទិភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។➢ ការផ្ទេរមុខងារ និងភារកិច្ចត្រូវភ្ជាប់ជាមួយធនធានហិរញ្ញវត្ថុ បុគ្គលិក សិទ្ធិសម្រេច សមត្ថភាពអនុវត្ត និងខ្សែគណនេយ្យភាពច្បាស់លាស់។➢ ការរៀបចំផែនការ និងថវិកាត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ មានការចូលរួម និងភ្ជាប់គ្នារវាងអាទិភាព គម្រោង ធនធាន និងលទ្ធផលដែលចង់សម្រេច។➢ ការអភិវឌ្ឍត្រូវមានបរិយាបន្ន សមធម៌ និងគោរពគោលការណ៍ «មិនបោះបង់នរណាម្នាក់ចោល» ដោយយកចិត្តទុកដាក់ជាពិសេសចំពោះស្ត្រី កុមារ យុវជនគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងតំបន់មានគម្លាតអភិវឌ្ឍន៍។➢ ការគ្រប់គ្រងថវិកា លទ្ធកម្ម និងគម្រោងត្រូវគោរពច្បាប់និងនីតិវិធី ប្រកាន់ខ្ជាប់សុចរិតភាព តម្លាភាព ការប្រកួតប្រជែងដោយស្មើភាព គុណភាព តម្លៃសមស្របនឹងថវិកា និងចីរភាព។➢ បរិវត្តកម្មឌីជីថលត្រូវជួយសម្រួលនីតិវិធី បង្កើនល្បឿននិងភាពត្រឹមត្រូវនៃការងារ ពង្រឹងការតភ្ជាប់ទិន្នន័យ និងកាត់បន្ថយបន្ទុករដ្ឋបាលរបស់មន្ត្រីមូលដ្ឋាន។➢ ការតាមដាន វាយតម្លៃ និងគណនេយ្យភាពសង្គមត្រូវផ្អែកលើផលសម្រេច ផលប៉ះពាល់ និងភស្តុតាងជាក់ស្តែងព្រមទាំងបង្ហាញលទ្ធផលឆ្លើយតបត្រឡប់ទៅប្រជា-ពលរដ្ឋ។២-វិធានការអនុវត្តគន្លឹះសំខាន់ៗ៖ទី១-លើកកម្ពស់គុណភាពសេវាសាធារណៈ និងសេវារដ្ឋបាលដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល៖− បន្តពង្រឹងសមិទ្ធផលនៃយន្តការច្រកចេញចូលតែមួយ ដោយកំណត់ស្តង់ដាសេវា ពេលវេលា តម្លៃ និងអ្នកទទួលខុសត្រូវឱ្យច្បាស់លាស់ ហើយវាស់វែងលទ្ធផលតាមភាពរហ័ស ភាពត្រឹមត្រូវ តម្លាភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។− កែលម្អភាពត្រឹមត្រូវនៃទិន្នន័យអត្រានុកូលដ្ឋាន ធ្វើឱ្យនីតិវិធីកែតម្រូវកាន់តែសាមញ្ញ និងពន្លឿនការផ្តល់សន្លឹកអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។− កែលម្អទីតាំងច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ បំពាក់ឧបករណ៍ព័ត៌មានវិទ្យាចាំបាច់ និងបង្កើតយន្តការទទួលនិងដោះស្រាយមតិយោបល់ ឬបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ទី២-ពង្រឹងការផ្ទេរមុខងារ និងការគ្រប់គ្រងធនធានមនុស្ស៖− រាល់ការផ្ទេរមុខងារ និងភារកិច្ចថ្មីមកឲឃុំ សង្កាត់ ត្រូវកំណត់ឱ្យច្បាស់អំពីធនធានហិរញ្ញវត្ថុ បុគ្គលិកគាំទ្រ សិទ្ធិសម្រេច នីតិវិធីអនុវត្ត ការបណ្តុះបណ្តាល និងខ្សែគណនេយ្យភាព ដើម្បីកុំឱ្យបង្កបន្ទុកលើសសមត្ថភាពរដ្ឋបាលមូលដ្ឋាន។− ពិនិត្យនិងរៀបចំការបែងចែកការងារ ការប្រគល់សិទ្ធិ និងការជំនួសវេនរវាងស្មៀន និងជំនួយការរដ្ឋបាលឱ្យបានច្បាស់ ដើម្បីធានានិរន្តរភាពសេវា និងកាត់បន្ថយការកកស្ទះការងារ។− ពិនិត្យលទ្ធភាពលើកកម្ពស់ប្រាក់ឧបត្ថម្ភ ស្ថិរភាពការងារ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈសម្រាប់បុគ្គលិកកិច្ចសន្យា ព្រមទាំងបន្តលើកកម្ពស់តួនាទីស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍមូលដ្ឋាន។ទី៣-កែលម្អការគ្រប់គ្រងថវិកា លទ្ធកម្ម និងការផ្ទេរធនធាន៖− សម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីកំណត់និងអនុវត្តកាលវិភាគផ្ទេរថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ឱ្យបានទាន់ពេលវេលានៅដើមឆ្នាំ និងតាមដានការអនុវត្តជាប្រចាំ ដើម្បីជៀសវាងការប្រមូលផ្តុំគម្រោងនិងការទូទាត់នៅត្រីមាសចុងក្រោយ។− ពង្រឹងការរៀបចំនិងប្រើប្រាស់ថវិកាលើសមាសភាគទាំងបីឱ្យចំអាទិភាព ជាពិសេសសេវាសង្គម និងអនាម័យបរិស្ថាន ព្រមទាំងរឹតបន្តឹងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ និងលទ្ធកម្ម តាមរយៈការប្រកួតប្រជែងដោយស្មើភាព ការបង្ហាញព័ត៌មាន ការត្រួតពិនិត្យបច្ចេកទេស និងការទទួលខុសត្រូវចំពោះការប្រើប្រាស់ថវិកាខុសគោលដៅ ឬខុសកិច្ចសន្យា។ទី៤-ពង្រឹងប្រសិទ្ធភាពផែនការ ការវិនិយោគ និងការសមាហរណកម្មគម្រោង៖− រៀបចំផែនការ និងជ្រើសរើសគម្រោងដោយផ្អែកលើទិន្នន័យ តម្រូវការអាទិភាព និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ដោយផ្លាស់ប្តូរពីការផ្តោតលើបរិមាណសំណង់ ទៅរកគុណភាពបច្ចេកទេស តម្លៃសមស្របនឹងថវិកា ភាពធន់នឹងអាកាសធាតុ និងការថែទាំបានយូរអង្វែង។− ពង្រឹងសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យទទួលបានការប្តេជ្ញាចិត្តគាំទ្រជាក់លាក់ពីមន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ ដោយបញ្ជាក់ស្ថាប័នគាំទ្រ គម្រោង ឆ្នាំអនុវត្ត និងទំហំថវិកា ព្រមទាំងមានប្រព័ន្ធតាមដានលទ្ធផលនៃការសន្យាទាំងនោះ។ទី៥-ជំរុញបរិវត្តកម្មឌីជីថល និងទំនើបកម្មប្រព័ន្ធការងារ៖− បន្តសហការពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានស្រាប់ ដូចជា FMIS Portal ប្រព័ន្ធតាមដានថវិកា និងប្រព័ន្ធគណនេយ្យភាពសង្គម ព្រមទាំងបំពាក់បរិក្ខារបច្ចេកវិទ្យា បណ្តាញអ៊ីនធឺណិត និងការគាំទ្របច្ចេកទេសឱ្យបានសមស្របដល់គ្រប់សាលាឃុំ សង្កាត់។− រៀបចំការបណ្តុះបណ្តាលជំនាញឌីជីថលតាមកម្រិតសមត្ថភាព និងតាមតួនាទីការងារ ធ្វើឱ្យប្រព័ន្ធទិន្នន័យអាចភ្ជាប់និងប្រើប្រាស់រួមគ្នាបាន ព្រមទាំងពង្រឹងសុវត្ថិភាពទិន្នន័យ ដើម្បីឈានទៅពង្រីកសេវាសាធារណៈតាមប្រព័ន្ធអនឡាញ។ទី៦-ពង្រឹងការគាំពារសង្គម សមភាពយេនឌ័រ បរិស្ថាន និងភាពធន់របស់សហគមន៍៖− បន្តពង្រឹងតួនាទីគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងការវិនិយោគលើមត្តេយ្យសិក្សាសហគមន៍ សុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្នុងការធ្វើសេចក្តីសម្រេចនៅមូលដ្ឋាន។− លើកកម្ពស់គុណភាព និងតម្លាភាពនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីធានាឱ្យការផ្តល់ជំនួយសង្គម និងបណ្ណសមធម៌ចំមុខសញ្ញា យុត្តិធម៌ និងមិនមានការរើសអើង។− បង្កើនសកម្មភាពគ្រប់គ្រងសំណល់រឹងនិងរាវ ការប្រមូលសំរាម ទឹកស្អាតនិងអនាម័យ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងការរក្សាសន្តិសុខ សុវត្ថិភាព និងសាមគ្គីភាពសហគមន៍។ទី៧-កែលម្អប្រព័ន្ធតាមដាន វាយតម្លៃ និងគណនេយ្យភាពផ្អែកលើផលសម្រេច៖− បង្កើតសូចនាករ ទិន្នន័យគោល និងគោលដៅប្រចាំឆ្នាំសម្រាប់វាស់វែងមិនត្រឹមតែចំនួនសកម្មភាព ឬលទ្ធផលផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ ផលសម្រេច និងការប្រែប្រួលជីវភាពជាក់ស្តែង ដោយបែងចែកទិន្នន័យតាមភេទ ក្រុមងាយរងគ្រោះ និងតំបន់នៅពេលចាំបាច់។− ពង្រឹងការងារគណនេយ្យភាពសង្គម (ISAF) ឱ្យក្លាយជាវដ្តពេញលេញ ចាប់ពីការផ្សព្វផ្សាយព័ត៌មាន ការវាយតម្លៃរបស់ប្រជាពលរដ្ឋ ការរៀបចំផែនការកែលម្អ ការអនុវត្តនិងតាមដាន រហូតដល់ការបង្ហាញលទ្ធផលឆ្លើយតប និងការកែលម្អសេវាត្រឡប់ទៅប្រជាពលរដ្ឋវិញប្រកបដោយតម្លាភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ