ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកសមាជិកា នៃគណៈកម្មការទី១ និងតំណាងនៃគណៈកម្មការទាំង៩ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច។លោករដ្ឋមន្រ្តី បានរំលឹកនូវការគោរពដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដោយបានកសាងគ្រឹះយ៉ាងរឹងមាំ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការងារនៃវិស័យអធិការកិច្ច។លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២.៨០៧ អង្គភាព (ណែនាំឱ្យកែលម្អ ១.២១៦ អង្គភាព), ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង (ដោះស្រាយបញ្ចប់ ១៨៨ បណ្តឹង), ចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣.៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក (អ្នកចូលរួម ១៣៥.៦១១ អង្គ/នាក់), រៀបចំវេទិកាសាធារណៈ ៤០ លើក (អ្នកចូលរួម ៣០.៣៣២ អង្គ/នាក់) និងចុះស្ទង់មតិចំនួន ១៦៨ លើក។បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់យ៉ាងផុសផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ