អង្គការសហប្រជាជាតិ៖ ជនភៀសខ្លួន ៨,៣លាននាក់ កំពុងប្រឈមហានិភ័យ ដោយសារការកាត់បន្ថយមូលនិធិជំនួយសំខាន់ៗពី UNHCR
UN៖ ទីភ្នាក់ងារទទួលបន្ទុកបញ្ហាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា ជិត៨,៣លាននាក់ ក្នុងចំណោមជនភៀសខ្លួន និងអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីទីលំនៅផ្សេងទៀត កំពុងតែប្រឈមនឹងការបាត់បង់ជំនួយសំខាន់ៗពី UNHCR ខណៈកម្មវិធីផ្តល់ការគាំពារដល់ពួកគេ កំពុងជួបបញ្ហា ដោយសារការធ្លាក់ចុះមូលនិធិខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦។UNHCR បាននិយាយក្នុងរបាយការណ៍មួយ ដែលរៀបរាប់ពីផលប៉ះពាល់ចំពោះមនុស្ស បណ្តាលមកការកាត់បន្ថយមូលនិធិជំនួយ យ៉ាងដូច្នេះថា «សមត្ថភាពរបស់ UNHCR ក្នុងការផ្តល់សេវាគាំពារ និងជំនួយដល់ជនភៀសខ្លួន អ្នកផ្លាស់ទីលំនៅក្នុងប្រទេស (IDPs) និងអ្នកគ្មានសញ្ជាតិ កំពុងត្រូវបានបំផ្លាញដោយបញ្ហាខ្វះថវិកាដែលបន្តកើតមាន និងកាន់តែធ្ងន់ធ្ងរ»។ទីភ្នាក់ងាររបស់ UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ បាននិយាយថា ថវិកាដែលខ្លួនអាចប្រើប្រាស់បាន បានធ្លាក់ចុះពី ៥,២ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៤ មកត្រឹម ៣,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ខណៈចំនួនមនុស្សដែលស្ថិតក្រោម ការទទួលខុសត្រូវការពាររបស់ខ្លួន នៅតែស្ថិតក្នុងកម្រិតខ្ពស់ខ្ពស់។ UNHCR បាននិយាយថា ខ្លួនត្រូវការថវិកា ៨,៥ ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីការពារជនភៀសខ្លួន ប៉ុន្តែគិតត្រឹមចុងខែកក្កដា ទទួលបានត្រឹម ៣២ភាគរយ ឬស្មើ ២,៧ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះមានន័យថា មនុស្សជិត ៨,៣ លាននាក់ដែលត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ កំពុងប្រឈមការបាត់បង់លទ្ធភាពទទួលបានជំនួយពី UNHCR។យោងតាម UNHCR មនុស្សប្រមាណ ១១៧,៨ លាននាក់នៅទូទាំងពិភពលោក ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ គិតត្រឹមចុងឆ្នាំ ២០២៥ ដែលជាចំនួនថយចុះ ពីកម្រិតខ្ពស់បំផុត ១២៣,២លាននាក់ក្នុងឆ្នាំ ២០២៤។ ក្នុងចំណោមនោះ មានជនភៀសខ្លួន ៣៥,៦ លាននាក់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ UNHCR ហើយ២ភាគ៣នៃពួកគេ គឺមកពីប្រទេសដូចជាវ៉េណេស៊ុយអេឡា អ៊ុយក្រែន ស៊ីរី អាហ្វហ្កានីស្ថាន និងស៊ូដង់។គួរបញ្ជាក់ថា ទីភ្នាក់ងារ UNHCR បានកាត់បន្ថយការងារជិត ៥០០០កន្លែង ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង១ភាគ៤ នៃកម្លាំងការងារសរុបរបស់ខ្លួន។