បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់ម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៩០នាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលមហោស្រពសង្កែ ក្រុងបាត់ដំបង។លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រាបជូនអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំសិក្សា២០២៥-២០២៦ ដែលមានបេក្ខជនប្រឡងសរុប ៩.៤២១នាក់ និងជាប់សរុប ៧.៦០៤នាក់ ស្មើនឹង ៨១,៣៩%។ ក្នុងចំណោមនោះ ជ័យលាភីនិទ្ទេស A ទាំង៩០នាក់ គឺមកពីគ្រឹះស្ថានសិក្សាចំនួន២៧ ក្នុង១២ក្រុង-ស្រុកនៃខេត្តបាត់ដំបង។ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ស ខេង បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A។ សម្តេចក៏បានលើកទឹកចិត្តដល់សិស្សដែលមិនទាន់ទទួលបានលទ្ធផលល្អ ឲ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ឬចាប់យកជំនាញវិជ្ជាជីវៈ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ សម្តេចក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពគន្លឹះទី១។ គោលនយោបាយនេះផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្ម ដើម្បីបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ។សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្តខិតខំសិក្សារៀនសូត្រពេញមួយជីវិត ជៀសឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន និងបាបមិត្ត។សម្តេចក្រឡាហោម ស ខេង ក៏បានដាស់តឿនកុំឲ្យមានមោទនភាពជ្រុលពីជោគជ័យក្នុងសាលា ហើយបោះបង់ការខិតខំ ព្រោះថា “ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ»។ លើសពីនេះ ត្រូវមានស្មារតីស្រឡាញ់ជាតិមាតុភូមិ ការពារសុខសន្តិភាព និងចៀសឲ្យឆ្ងាយពីចលនាប្រមូលផ្តុំខុសច្បាប់នានា ដែលបង្កចលាចល និងបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ