បាត់ដំបង៖ កម្មវិធីចុះផ្សព្វផ្សាយរបស់ស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលបង្ហាញអំពីចំណុចគួរឱ្យចាប់អារម្មណ៍នានារបស់សាធារណរដ្ឋឆែក ព្រមទាំងជំនាញ ប្រពៃណី សម្រស់ធម្មជាតិ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឆែក បានមកដល់ចំណតទីពីរ គឺខេត្តបាត់ដំបង បន្ទាប់ពីចាប់ផ្តើមនៅខេត្តកែបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។កម្មវិធីនេះដឹកនាំដោយលោកស្រី ឯកអគ្គរដ្ឋទូត ម៉ារាកេតា កុលត្ស ហាយកូវ៉ា (Markéta Kolc Hájková) ក្នុងគោលបំណងនាំសកម្មភាពរបស់ស្ថានទូតទៅកាន់តំបន់នានានៃព្រះរាជាណាចក្រកម្ពុជា និងបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន។ ស្ថានទូតគ្រោងនឹងបន្តចុះទៅកាន់ខេត្តផ្សេងៗទៀតរហូតដល់ចុងឆ្នាំ២០២៦ និងបន្តទៅកាន់ខេត្តកាន់តែច្រើននៅឆ្នាំ២០២៧។កម្មវិធីនេះរៀបចំឡើងដោយមានការផ្តួចផ្តើមពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកក្រុមប្រឹក្សាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋឆែក ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តបាត់ដំបង និងសាកលវិទ្យាល័យជាតិបាត់ដំបង។កម្មវិធីនេះមានការធ្វើបទបង្ហាញជាបន្តបន្ទាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងជាពិសេសសម្រាប់អនាគត។ ប្រធានបទសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងអាហារូបករណ៍ ធុរកិច្ច និងវប្បធម៌។លោកស្រី ឯកអគ្គរដ្ឋទូត ម៉ារាកេតា កុលត្ស ហាយកូវ៉ា បានលើកឡើងថា សាធារណរដ្ឋឆែក គឺជាប្រទេសអឺរ៉ុបមួយក្នុងចំណោមប្រទេសអឺរ៉ុបតែ៤ ដែលមានស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ។ លោកជំទាវបញ្ជាក់ថា វាបង្ហាញពីទំនាក់ទំនងមិត្តភាព ការចាប់អារម្មណ៍របស់ឆែកចំពោះកម្ពុជា និងការជឿទុកចិត្តលើអនាគត និងវិបុលភាពរបស់កម្ពុជា។លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា ទោះបីកិច្ចពិភាក្សាកម្រិតខ្ពស់ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលធ្វើឡើងនៅរាជធានីមានសារៈសំខាន់ក៏ដោយ កិច្ចការទាំងនោះត្រូវបន្តអនុវត្តឱ្យក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ ដែលផ្អែកលើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។លោកស្រីបានបញ្ជាក់ថា នេះជាមូលហេតុដែលស្ថានទូតចុះទៅកាន់តាមបណ្តាខេត្ត ដើម្បីនាំប្រជាជនកម្ពុជា និងប្រជាជនឆែកឱ្យកាន់តែជិតស្និទ្ធគ្នា និងស្វែងរកវិស័យដែលមានសក្តានុពលសម្រាប់សកម្មភាពរួមគ្នានាពេលអនាគត។បន្ថែមពីលើបទបង្ហាញ កម្មវិធីនេះក៏មានពិព័រណ៍រូបថតបង្ហាញពីទេសភាព និងប្រពៃណីរបស់ប្រទេសឆែក ព្រមទាំងស្នាដៃសិល្បៈ និងការរចនាដោយកញ្ចក់កែវចរណៃ ដែលជាផ្នែកមួយនៃស្នាដៃដ៏ល្បីល្បាញរបស់ប្រទេសឆែក។ពិព័រណ៍នេះត្រូវបានរៀបចំដោយជនជាតិឆែកដែលរស់នៅកម្ពុជា និងអ្នកដែលមានចំណាប់អារម្មណ៍លើប្រទេសឆែក ដែលបានរួមគ្នាដោយស្ម័គ្រចិត្តក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់ Bohemindo។ ពិព័រណ៍នេះធ្លាប់ត្រូវបានដាក់តាំងដោយជោគជ័យនៅរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយការនាំយកមកបង្ហាញនៅខេត្តបាត់ដំបង បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងខេត្តបានទស្សនា និងស្វែងយល់អំពីបរិយាកាស វប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសឆែកនៅក្នុងខេត្តកំណើតរបស់ពួកគេ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ