ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧត្តមជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកដំណើររបស់ឯកឧត្តមមកកាន់កម្ពុជា គឺជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែរីកចម្រើន។ក្នុងឱកាសនោះ ឯកឧត្តម គីម ជីនផ្យូ បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េនៅពេលបច្ចុប្បន្ន កំពុងតែមានភាពល្អប្រសើរ ហើយសង្ឃឹមថា អ្នកទេសចររបស់កូរ៉េ នឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ។សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម គីម ជីនផ្យូ ជាពិសេសសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើន។ បន្ថែមពីលើនេះសម្ដេចក៏ជំរុញឱ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឱ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។សម្ដេចបានលើកឡើងថា កូរ៉េគឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងកិច្ចសហការដ៏មានសារៈសំខាន់។ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ