ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន
Wed,02 September 2026 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញ​អុជ​ធូបគោរពវិញ្ញាណក្ខន្ធសពលោក ច័ន្ទ សារុន ដែលកំពុងតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា​នៅគេហដ្ឋានក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ​២០​២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

លោក ច័ន្ទ សារុន ជាសេនាធិការដ៏ចំណានមួយរូបរបស់រាជរដ្ឋាភិបាល ក្នុងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសលើការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចតេជោ ហ៊ុន សែន និងលោក ច័ន្ទ សារុន មានអនុស្សាវរីយ៍ជាច្រើនលើការងារជួយដល់ប្រជាកសិករ និងការលើកកម្ពស់វិស័យកសិកម្មនៅ​កម្ពុជា​។

ក្នុងឱកាសអញ្ជើញអុជធូបជូនដំណើរលោក ច័ន្ទ សារុន ទៅកាន់ទីឋានដ៏ស្ងប់សុខនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណៈទុក្ខអាឡោះអាល័យឥតគណនា ចំពោះមរណភាពរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។ សម្តេចតេជោ ចាត់ទុកមរណភាពរបស់លោក ច័ន្ទ សារុន ជាការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់ស្ទើរពេញ មួយជីវិតរបស់លោកបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយស្វាមីភ័ក្ដិ និងស្មារតីស្នេហា​ជាតិ​ដ៏ជ្រាលជ្រៅ។

សម្តេចតេជោ បានរំលេចថា ការចូលរួមអភិវឌ្ឍជាតិរបស់លោកបណ្ឌិតសភាចារ្យកន្លងមក ជាពិសេស វិស័យ​កសិ​កម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ ជំរុញការ​នាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និង ធនធានធម្មជាតិ។ ការណ៍នេះ គឺជាអនុភាគ​យុទ្ធ​សាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះ វិស័យកសិកម្មមិនគ្រាន់តែជួយរក្សា​លំនឹងជីវ​ភាព​របស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាពទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ សំដៅ​សម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា គំរូវីរភាពរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នឹងត្រូវបានចងចាំជានិច្ច​និរន្តរ៍។

សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ