ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំការសម្តែងសិល្បៈវប្បធម៌ពិសេស «The Film Delivery Man» នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្រោមវត្តមានលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសមាជិកសហគមន៍កម្ពុជា និងកូរ៉េ តំណាងសមាគមវប្បធម៌ និងមិត្តភាព ព្រមទាំងសមាជិកសហគមន៍ការទូត និងអន្តរជាតិប្រចាំកម្ពុជា។ការសម្តែងដែលរៀបចំដោយក្រុម Team ICUVE មកពីសាធារណរដ្ឋកូរ៉េ មានរយៈពេលប្រមាណ ៦០នាទី ដោយរួមបញ្ចូលសិល្បៈវេទមន្ត ការរាំ Breakdance និងតន្ត្រី ក្នុងទម្រង់ច្នៃប្រឌិតមួយ។ ការរួមបញ្ចូលសិល្បៈចម្រុះនេះ បានផ្តល់នូវបទពិសោធន៍វប្បធម៌ថ្មី និងងាយស្រួលទទួលយកសម្រាប់ទស្សនិកជនគ្រប់ជំនាន់ និងគ្រប់មជ្ឈដ្ឋាន។ក្នុងសុន្ទរកថាស្វាគមន៍ លោក KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា កន្លងមក ស្ថានទូតបានណែនាំទិដ្ឋភាពផ្សេងៗនៃវប្បធម៌កូរ៉េជូនទស្សនិកជនកម្ពុជា តាមរយៈកម្មវិធីវប្បធម៌ជាច្រើន ដូចជា ការសម្តែងក្បាច់គុនតេក្វាន់ដូ និងតន្ត្រីប្រពៃណីកូរ៉េ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការសម្តែង «The Film Delivery Man» ត្រូវបានរៀបចំឡើង ដើម្បីនាំមកនូវបទពិសោធន៍វប្បធម៌ក្នុងទម្រង់ថ្មីមួយទៀត។លោកឯកអគ្គរដ្ឋទូត KIM Chang Yong ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ ក្នុងការនាំមនុស្ស និងទស្សនៈផ្សេងៗឱ្យកាន់តែខិតជិតគ្នា ព្រមទាំងបង្ហាញក្តីសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាឱកាសមួយទៀតសម្រាប់អបអរសាទរចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងកូរ៉េ និងបង្កើតអនុស្សាវរីយ៍ និងទំនាក់ទំនងថ្មីៗតាមរយៈវប្បធម៌។ព្រឹត្តិការណ៍នេះក៏ធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យសម្រាប់ទំនាក់ទំនងកម្ពុជា-កូរ៉េ ខណៈប្រទេសទាំងពីរកំពុងឈានទៅរកព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ នៅឆ្នាំ២០២៧ ខាងមុខ កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួប៣០ឆ្នាំ នៃការស្តារទំនាក់ទំនងការទូតឡើងវិញ។ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានបន្តពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យជាច្រើន ហើយបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤។ ក្នុងនោះ ការផ្លាស់ប្តូរវប្បធម៌ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ទស្សនិកជនកម្ពុជាបានស្វែងយល់ និងទទួលយកភាពចម្រុះ និងភាពច្នៃប្រឌិតនៃវប្បធម៌កូរ៉េ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ