បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្តចុះបេសកកម្មផ្សព្វផ្សាយ តម្រង់ទិស និងពង្រឹងការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។photo_2026-09-16_16-18-09.jpgក្នុងឱកាសនោះ លោក សុវណ្ណ វិទិត្យា បានលើកឡើងថា ការងារព័ត៌មាន គឺជាកិច្ចការដ៏សំខាន់ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយព័ត៌មាន ក៏ជាមធ្យោបាយសំខាន់សម្រាប់បង្ហាញអំពីសកម្មភាព សមិទ្ធផល ការអភិវឌ្ឍ និងការអនុវត្តការងាររបស់អាជ្ញាធរមូលដ្ឋាន ឱ្យសាធារណជនបានជ្រាប និងយល់ដឹងកាន់តែទូលំទូលាយ។លោកប្រធានមន្ទីរ បានណែនាំដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន ត្រូវយកចិត្តទុកដាក់លើការប្រមូល និងរៀបចំព័ត៌មាន ដោយត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ព្រមទាំងត្រូវចេះរៀបចំខ្លឹមសារឱ្យខ្លី ច្បាស់ ងាយយល់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម លោក សុវណ្ណ វិទិត្យា ក៏បានណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលអាចបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់សង្គម។ លោកបានសង្កត់ធ្ងន់ថា មន្ត្រីព័ត៌មានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល ផលិត និងចែករំលែកព័ត៌មាន ជាពិសេសតាមបណ្តាញសង្គម ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានពិនិត្យ និងផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឱ្យបានច្បាស់លាស់នោះឡើយ។ជាមួយគ្នានេះ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការងារព័ត៌មាន និងការផ្សព្វផ្សាយ ព្រមទាំងបានស្នើសុំឱ្យមន្ទីរព័ត៌មានខេត្ត ជួយរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយស្នើឱ្យលោកប្រធានមន្ទីរ បញ្ជូនមន្ត្រីជំនាញ ឬគ្រូបង្គោល ចុះបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់។លោកអភិបាលក្រុង បានស្នើឱ្យវគ្គបណ្តុះបណ្តាលផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់អ្នកព័ត៌មាន ការថតរូប និងវីដេអូឱ្យបានត្រឹមត្រូវ ការបង្កើតមាតិកា (Content) ព្រមទាំងជំនាញសរសេរអត្ថបទ និងខ្លឹមសារផ្សព្វផ្សាយ ឱ្យស្របតាមប្រធានបទ មានភាពច្បាស់លាស់ និងទាក់ទាញ។លោក លាង វាសនា ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ជាពិសេសការចូលរួម និងកិច្ចសហការពីមន្ត្រី និងអាជ្ញាធរមួយចំនួន ក្នុងការគាំទ្រការផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា ការចូលរួមចុច Like, Comment និង Share ដើម្បីជួយពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។បន្ថែមពីនេះ ក៏នៅមានបញ្ហាប្រឈមពាក់ព័ន្ធនឹងជំនាញសរសេរ និងការបង្កើតមាតិកា ដោយមន្ត្រីនៅថ្នាក់ក្រុង សង្កាត់ និងភូមិ មានសកម្មភាព និងសមិទ្ធផលការងារល្អៗជាច្រើន ប៉ុន្តែមួយចំនួននៅមិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការរៀបចំខ្លឹមសារ ថតរូប ថតវីដេអូ និងបង្កើតមាតិកាផ្សព្វផ្សាយឱ្យបានទាក់ទាញ និងមានប្រសិទ្ធភាព។ការចុះបេសកកម្មរបស់មន្ទីរព័ត៌មានខេត្តនាពេលនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងសមត្ថភាព និងកិច្ចសហការរវាងមន្ទីរព័ត៌មានខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលមូលដ្ឋាន ដើម្បីជំរុញឱ្យការងារព័ត៌មាន និងការផ្សព្វផ្សាយសកម្មភាពរបស់រដ្ឋបាលនៅមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា ច្បាស់លាស់ និងអាចឆ្លើយតបបានកាន់តែល្អប្រសើរទៅនឹងតម្រូវការព័ត៌មានរបស់ប្រជាពលរដ្ឋ ក្នុងបរិបទឌីជីថល។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ