ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ ១០០% បានប្រកាសជាផ្លូវការនូវការផ្តល់ថវិកាទ្រទ្រង់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់សមាគមសិល្បករខ្មែរ ដែលក្នុងពិធីប្រគល់និងទទួលថវិកា បានរៀបចំឡើងនៅការិយាល័យកណ្តាល DCT ក្នុងអគារ Royal Group Central។ ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសិល្បករជាច្រើនរូប។ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍របស់ប្រជាជនកម្ពុជា ក្រុមហ៊ុនសែលកាតបានបង្វែរផ្លែផ្កា និងប្រាក់ចំណេញបានមកពីការផ្តល់សេវាកម្មជូនអតិថិជន មកចូលរួមចំណែកអភិវឌ្ឍសង្គមវិញ។ ក្រុមហ៊ុនសែលកាត តែងតែចងចាំ និងមិនដែលបំភ្លេចឡើយនូវកាតព្វកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់សិល្បៈវប្បធម៌ជាតិ តាមរយៈការគាំទ្រដល់ការអភិរក្ស ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើន។ តាមរយៈការចូលរួមចំណែកថវិកានេះ ក្រុមហ៊ុនសែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោយគាំទ្របេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការថែរក្សាទម្រង់សិល្បៈបុរាណ ការផ្តល់ការអភិវឌ្ឍជំនាញដល់អ្នកបង្កើតថ្មី និងការបង្កើតបណ្តាញសាមគ្គីភាពក្នុងសហគមន៍សិល្បៈ ក្រោមប្រធានបទ «Better Together»។ លោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា នៅក្រុមហ៊ុនសែលកាត យើងតែងតែជឿជាក់ថា សេវាទូរគមនាគមន៍មិនត្រឹមតែជាការភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែជាការភ្ជាប់ប្រជាជនទៅកាន់ឱកាសភ្ជាប់គំនិតច្នៃប្រឌិតទៅកាន់ទស្សនិកជន និងជាការថែរក្សាកម្ពុជា នាពេលបច្ចុប្បន្នឱ្យក្លាយជាកម្ពុជា ដែលកូនចៅយើងមានមោទនភាពនាពេលអនាគត។ បច្ចេកវិទ្យាបានផ្តល់នូវមធ្យោបាយឌីជីថលថ្មីសម្រាប់សិល្បករខ្មែរ ដើម្បីធានាថាសិល្បៈវប្បធម៌ជាតិ កំពុងរស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង។ ការឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារនេះ មិនមែនជាការឧបត្ថម្ភធម្មតានោះទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងជាការវិនិយោគលើអភិវឌ្ឍវិស័យសិល្បៈនៅប្រទេសកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា ក្រុមហ៊ុន សែលកាត បានឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ក្នុងទឹកប្រាក់ ១០០,០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ការឧបត្ថម្ភនេះ មិនមែនគ្រាន់តែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ប៉ុន្តែ លោកជំទាវអ្នកឧកញ៉ា បានមើលឃើញពីចំណុច សំខាន់ៗ ចំនួន ៣ នោះគឺ៖ ទី១៖ ការឧបត្ថម្ភ របស់ សែលកាត (Cellcard) បាន បង្ហាញពីតម្លៃមួយ ថា ការអភិវឌ្ឍប្រទេសមួយ មិនអាចផ្អែកតែលើសេដ្ឋកិច្ច និងបច្ចេកវិទ្យាតែ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាមួយការថែរក្សា និងលើកស្ទួយអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិផងដែរ។ ពោលគឺសេដ្ឋកិច្ចកាន់តែ រីកចម្រើន អត្តសញ្ញាណ ជាតិ កាន់តែ ត្រូវលើកតម្កើង។ ទី២៖ សម្រាប់សមាគមសិល្បករខ្មែរ ថវិកាឧបត្ថម្ភនេះ គឺជាកម្លាំងចិត្ត ក្តីសង្ឃឹម និងជាធនធានដ៏សំខាន់មួយ សម្រាប់ជំរុញសកម្មភាពរបស់សមាគម ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ អភិរក្សស្នាដៃសិល្បៈ បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ នេះគឺជាដំណើរនៃកសាង បច្ចុប្បន្ន ដើម្បីអនាគតនៃអត្តសញ្ញាណ។ ទី៣៖ លោកជំទាវអ្នកឧកញ៉ា ជឿជាក់ថា បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ គឺជាកម្លាំងពីរដែលអាចដើរទន្ទឹមគ្នា ដើម្បីកសាងអនាគតកម្ពុជា។ បច្ចេកវិទ្យាអាចជួយឱ្យសិល្បៈខ្មែរឈានទៅដល់មនុស្សកាន់តែច្រើន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈសិល្បៈ និងវប្បធម៌វិញ អាចផ្តល់អត្តសញ្ញាណ និងខ្លឹមសារដល់ការរីកចម្រើនរបស់សង្គមឌីជីថល។ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជំរុញភាពរស់រវើកនៃសិល្បៈ វប្បធម៌កម្ពុជា លើលំហ សាកលលោក។ ជាមួយគ្នានេះដែរ កម្មវិធីនេះបានបញ្ចប់ទៅដោយពិធីប្រគល់ និងទទួលថវិកានិមិត្តរូប ព្រមទាំងការទស្សនាវីដេអូបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់សិល្បៈខ្មែរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ថា ចាប់ដំណើរការក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង ៤លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ