(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទំនាក់ទំនងជាមួយសភាបារាំង ដើម្បីផ្លាស់ប្តូរបទ ពិសោធ និងរបៀបរបបការងារពាក់ព័ន្ធនឹងការងារទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិ និងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ពាក់ព័ន្ធនឹងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថាប័នក្រុមប្រឹក្សារដ្ឋ (Conseil d’Etat) និងទីភ្នាក់ងារព័ត៌មានផ្នែកច្បាប់និងរដ្ឋបាល (Direction de l’informationlégale et administrative) ព្រមទាំងអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបារាំង (Secrétariat général du Gouvernement) ដើម្បីផ្លាស់ប្តូរ បទពិសោធ និងឧត្តមានុវត្តន៍ល្អៗលើការងារពាក់ព័ន្ធនឹងវិស័យច្បាប់ ពិសេសលើការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត,ការកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តព្រមទាំងការកសាងមូលទិន្នន័យច្បាប់និងគេហទំព័រច្បាប់។ ក្រៅពីនេះ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋានជាតិឯនាយសមុទ្រ (Archives nationales d’outre-mer) ដែលមានរក្សាទុកនូវបណ្ណសារដែលជាឯកសារមានតម្លៃជាប្រវត្តិសាស្រ្តជាច្រើនរបស់កម្ពុជា និងជួបពិភាក្សាពិគ្រោះយោបល់ជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងសាស្រ្តាចារ្យច្បាប់ល្បីៗរបស់បារាំងលើការងារកាត់តែងច្បាប់ ពិសេសការរៀបចំតាក់តែងក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្មកម្ពុជា។ គួរបញ្ជាក់ផងដែរថា កម្ពុជា និងបារាំង មានប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់ប្រហាក់ប្រហែលគ្នា ដោយសារឥទ្ធិពលនៃមរតករបស់អាណាព្យាបាលបារាំងនៅកម្ពុជាចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចការងារនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវបទពិសោធ និងឧត្តមានុវត្តន៍ល្អៗបន្ថែមទៀតពីក្រសួង ស្ថាប័នធំៗរបស់សាធារណរដ្ឋបារាំង សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសការពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នបន្ថែមទៀត ក៏ដូចជាការធ្វើទំនើបកម្មស្ថាប័ន និងការកែទម្រង់ស្ថាប័នទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ