បាត់ដំបង៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខនេះ។បើតាមគម្រោងការបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវចំនួន២១ខ្សែក្នុងក្រុងបាត់ដំបងនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។បន្ទាប់ពីដេញថ្លៃ និងបន្តនីតិវិធីរួចរាល់ ការសាងសង់ផ្លូវនឹងអាចចាប់ផ្ដើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦។បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ២១ខ្សែបន្ថែមលើផ្លូវជាច្រើនខ្សែដែលបានសាងសង់រួចរាល់នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។សូមជម្រាបថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែកំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ទី៣.គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងដែលកំពុងប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល។គម្រោងទាំងបីខាងលើបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតអំឡុងពេលការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ជាស្ថាពរធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួលជាមួយនឹងអនាម័យបរិស្ថានល្អប្រសើរមិនមានបញ្ហាបំពុលក្នុងទឹកនិងបំពុលបរិស្ថានដូចកាលពីមុនទៀតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ