ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថានៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ ៤៧ ៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងពី ២ ៧២៥ ដល់ ២ ៨៩០។លោក ស៊ុន មេសា បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តឥតឈប់ឈររបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជានៅឡើង។អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «ទោះបីសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ហើយកំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា»។បន្ថែមពីនេះ លោក បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលត្រូវបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ គឺជាភស្តុតាង ដែលបញ្ជាក់ថាកម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែករកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលផ្តល់ប្រាក់ចំណូលសមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថានដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ