ភ្នំពេញ៖ សមាគមសិល្បករខ្មែរ (ស.ស.ខ) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ «ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ» ដើម្បីបង្កើនការយល់ដឹងដល់សិល្បករ-សិល្បការិនីចំនួន ១០៥នាក់ អំពីមូលដ្ឋានគ្រឹះនៃទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃការវិនិយោគ និងការអនុវត្តការជួញដូរភាគហ៊ុនជាក់ស្តែង។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា (ផមក) ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីទីផ្សារមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យសិល្បករ-សិល្បការិនីត្រៀមខ្លួនចូលរួមវិនិយោគប្រកបដោយចំណេះដឹង និងអាចបន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដើម្បីពង្រីកការយល់ដឹងអំពីវិស័យមូលបត្រដល់សាធារណជន។ក្នុងឱកាសនោះ អ្នកចូលរួមទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការទទួលលេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃពី ន.ម.ក. ការបើកគណនីជួញដូរភាគហ៊ុនដោយឥតគិតថ្លៃពីក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងទទួលបានភាគហ៊ុនចំនួន ៥ភាគហ៊ុន របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. (ក្រុមហ៊ុនសែលកាត) ដែលមានតម្លៃសរុប ១៥,០០០រៀល សម្រាប់អនុវត្តការទិញ-លក់ភាគហ៊ុនជាក់ស្តែង។ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា សិល្បៈបង្កើតតម្លៃតាមរយៈទេពកោសល្យ និងការច្នៃប្រឌិត ខណៈការវិនិយោគបង្កើតតម្លៃតាមរយៈចក្ខុវិស័យ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយភាពរឹងមាំ មិនអាចពឹងផ្អែកតែលើហេដ្ឋារចនាសម្ព័ន្ធ និងបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការយល់ដឹង ទំនុកចិត្ត និងការចូលរួមពីគ្រប់ស្រទាប់សង្គម។ឯកឧត្តមបន្តថា សិល្បករ និងសិល្បការិនី គឺជាបុគ្គលមានឥទ្ធិពលលើការគិត និងអាកប្បកិរិយារបស់សាធារណជន ដូច្នេះការចូលរួមរបស់ពួកគេនឹងជួយផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ពង្រឹងទំនុកចិត្តលើទីផ្សារមូលបត្រ និងរួមចំណែកកសាងវប្បធម៌វិនិយោគប្រកបដោយចំណេះដឹង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា ក្រៅពីបេសកកម្មក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់សិល្បៈវប្បធម៌ សមាគមក៏មានបំណងឱ្យសិល្បករខ្មែរដើរឱ្យទាន់ការវិវត្តនៃពិភពលោក បច្ចេកវិទ្យា និងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីបង្កើនសមត្ថភាព និងឱកាសអភិវឌ្ឍខ្លួន។លោកជំទាវអ្នកឧកញ៉ា បន្តថា ចំណេះដឹងអំពីទីផ្សារមូលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការវិនិយោគប្រកបដោយទំនួលខុសត្រូវ គឺជាចំណេះដឹងដ៏ចាំបាច់សម្រាប់ពលរដ្ឋក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចសកលភាវូបនីយកម្ម។ សិក្ខាសាលានេះ ក៏ជាឱកាសសម្រាប់សិល្បករ-សិល្បការិនី ពង្រីកចំណេះដឹង បង្កើតប្រភពចំណូលអកម្ម និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីការវិនិយោគទៅកាន់សាធារណជន ដើម្បីជៀសវាងការឆបោក និងហានិភ័យនានា។សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីសមាជិកសមាគមសិល្បករខ្មែរ និងសិល្បករ-សិល្បការិនីសរុប ១០៥រូប ព្រមទាំងវាគ្មិនមកពី ន.ម.ក. ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក. ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារមូលបត្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ