ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអគារធនាគារវីង (Wing Tower) បានរៀបចំកិច្ចប្រជុំពិភាក្សារវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានសម្រាប់កម្ពុជា (ASEAN BAC Cambodia)។កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរ៉ែ និងថាមពល, សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ប្រធាន ឬតំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត,សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជារដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), និង ប្រធាន ឬ តំណាងគ្រឹះស្ថាន សមាគម ធុរជន ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង៖១. ពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន៖ បង្កើតវេទិការសន្ទនាដោយផ្ទាល់ និងមានតម្លាភាព រវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឲ្យវិស័យឯកជន, ធុរជន សមាគធុរកិច្ច និងអ្នកវិនិយោគ និងក្រុមហ៊ុនឯកជន នៅក្នុងស្រុក ដើម្បីទទួលយកនៅអនុសាសន៍ ផ្លាស់ប្តូរព័ត៌មាន និងយោបល់នានាលើការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា។២. ដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់៖ បើកឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម ឧបសគ្គបច្ចេកទេស និងកង្វល់ជាក់ស្តែងរបស់សមាគមធុរកិច្ច, សហគ្រាស/ក្រុមហ៊ុនឯកជន ទាក់ទងនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត មកពិភាក្សាដោយផ្ទាល់ ដើម្បីស្នើសុំដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងរ៉ែនិងថាមពល។នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តរក្សានូវអាទិភាពគន្លឹះចំនួន ៤ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង» និងបានបន្ថែមអាទិភាពគន្លឹះទី៥ គឺ «បច្ចេកវិទ្យា» ដើម្បីឆ្លើយតបទៅនឹងបរិវដ្តកម្មឌីជីថលសកល។ អ្នកឧកញ៉ា បានបន្ថែមថា វិស័យរ៉ែ និងថាមពល គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្ម ទាក់ទាញការវិនិយោគទុនបរទេស និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលវិស័យនេះកំពុងត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ និងបរិបទសកលលោក។ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យឯកជនគឺជាដៃគូរបស់រាជរដ្ឋាភិបាលដែលមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យរ៉ែ និងថាមពល។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យផ្នែកឯកជនទាំងអស់ប្រើប្រាស់យន្តការក្រុមការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជាជាច្រកចេញចូលតែមួយគត់ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងក្តីកង្វល់នានា សំដៅស្វែងរកដំណោះស្រាយ និងការសម្របសម្រួលពីសំណាក់ភាគីរាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងឯកជនបែបនេះជាបន្តបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់ និងមានតម្លាភាព ជាមួយតំណាងធុរជន និងក្រុមហ៊ុនឯកជន៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ