ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
Mon,17 August 2026 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដោយមានការចូលរួមពីសំណាក់ប្រធាន និងសមាជិកសមាជិកា នៃគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការជួបជុំក្នុងកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមការងារដ៏មានជម្រៅ និងមានសមានគតិភាពទៅដល់ការអនុវត្តការកែទម្រង់ជាក់ស្តែងនៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បន្ទាប់ពីយើងបានបញ្ចប់កិច្ចការជាច្រើនពាក់ព័ន្ធនឹងការរៀបចំទស្សនទាន គោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ដូច្នេះ កិច្ចការសំខាន់នាពេលនេះ គឺការរុញកិច្ចការកែទម្រង់ច្បាប់ឱ្យទៅដល់គ្រប់ក្រសួង ស្ថាប័ន ពិសេសការរៀបចំក្របខ័ណ្ឌយន្តការ នៅតាមក្រសួងស្ថាប័ននីមួយៗ ដោយរួមបញ្ចូលគ្នានូវមុខងារចំនួន ៣ គឺ៖ ការងារនីតិកម្ម,ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ការចូលរួមអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន គឺជាកត្តាកំណត់ជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានគូសរំលេចឡើងវិញ អំពីតួនាទីនិងភារកិច្ចសំខាន់ៗរបស់ គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ ដូចមានកំណត់ក្នុងសេចក្ដីសម្រេចលេខ២៤ សសរ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីជាការតម្រង់ទិសក្នុងការអនុវត្តការងារចំពោះមុខ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានគូសបញ្ជាក់ថា គណៈកម្មការជំនាញពុំមែនជាអ្នកតាក់តែងច្បាប់ជំនួសឱ្យក្រសួង ស្ថាប័នទេ ប៉ុន្តែដើរតួនាទីជាអន្តរកម្មរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័ននានា និងជួយពង្រឹងការរៀបចំ និងការអនុវត្តនូវកម្មវិធី និងផែនការសកម្មភាពនានាដែលគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានដាក់ចុះ និងនាំយកនូវកម្មវិធី និងផែនការសកម្មភាពទាំងនេះទៅអនុវត្តនៅស្ថាប័នសាមីរបស់ខ្លួន។ ជារួម គណៈកម្មការជំនាញជួយគិតគូររៀបចំក្របខ័ណ្ឌរួម ក្នុងការរៀបចំប្រព័ន្ធ និងផ្តល់ការតម្រង់ទិសឱ្យដើរនៅលើផ្លូវជាមួយគ្នា ឆ្ពោះទៅគោលដៅជាមួយគ្នា តាមគោលការណ៍រួម ប៉ុន្តែមិនត្រូវឱ្យបាត់នូវភាពជាម្ចាស់ និងភាពបន់បែនរបស់ក្រសួង ស្ថាប័នឡើយ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំផងដែរអំពីរបៀបរបបនៃការបំពេញការងារ ដែលនឹងត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និង SOP នាពេលខាងមុខ និងលើកទឹកចិត្តដល់គណៈកម្មការជំនាញទាំង៤ ត្រូវធ្វើការដោយប្រទាក់ក្រឡាគ្នាដើម្បីជំរុញការងារកែទម្រង់ច្បាប់នេះឱ្យដំណើរការទៅមុខទៅតាមទិសដៅដែលបានកំណត់ ទោះបីធន ធាន យើងនៅមានកម្រិត ទាំងថវិកា និងមនុស្ស។ ទន្ទឹមនេះ ចំពោះមុខត្រូវផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា៖ ការរៀបចំធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួម ក្នុងក្របខ័ណ្ឌគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់, ការរៀបចំផែនការនីតិកម្ម និងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន, ការរៀបចំគោលការណ៍ពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ការអនុវត្តច្បាប់ និងការតាមដានវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផែនការកសាងសមត្ថភាពស្ថាប័ន ពិសេសស្ថាប័នដែលត្រូវកសាងច្បាប់ច្រើន និងមានបច្ច័យខ្លាំងដល់វិស័យធុរកិច្ច និងក្រសួងស្ថាប័នខ្លះដែលមានភាពទន់ខ្សោយនៅឡើយ ព្រមទាំងវិស័យដែលទាមទារជំនាញបច្ចេកទេសខ្លាំង ដូចជាពាក់ព័ន្ធនឹង AI ជាដើម។ ជាមួយគ្នានេះ ត្រូវជួយការរៀបចំគំរូទម្រង់ផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នប្រចាំឆ្នាំ និងទម្រង់របាយការណ៍សមិទ្ធកម្មរបស់ក្រសួង ស្ថាប័នប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យពន្លឿនការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Legal Data Center) និងបន្តជំរុញការស្រាវជ្រាវនិងតាក់តែងក្រមពាណិជ្ជកម្ម និងការរៀបចំទស្សនទានសម្រាប់ការរៀបចំក្រមរដ្ឋបាល។

អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ពិសេសការកំណត់គុណវុឌ្ឍិ ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅក៏ដូចជាប្រាក់បំណាច់ និងកម្រិតឋានៈដែលត្រូវមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ធៀបនឹងមុខតំណែងគ្រប់គ្រង។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំដល់ក្រុមការងារប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចបញ្ជូនសេចក្តីព្រាងអនុក្រឹត្យនេះទៅក្រសួងមុខងារសាធារណៈតាមកាលកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ