កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំ ត្រូវឈានពី សេដ្ឋកិច្ចផ្អែកលើវិស័យកសិកម្ម (Agriculture-based Economy) ទៅជា សេដ្ឋកិច្ចកសិ-ឧស្សាហកម្ម (Agro-industrial Economy) ដោយប្រើប្រាស់មូលដ្ឋានផលិតកម្មកសិកម្មដ៏ធំ ដើម្បីបង្កើនការកែច្នៃ តម្លៃបន្ថែម ការវិនិយោគ និងការងារនៅក្នុងខេត្ត។ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំឆ្នាំ២០២៦-២០៣០»។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រដ្ឋបាលខេត្តកំពង់ធំ ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលបានសហការរៀបចំសិក្ខាសាលានេះ ព្រមទាំងថ្លែងអំណរគុណចំពោះវិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ អ្នកជំនាញ អ្នកស្រាវជ្រាវ ជាពិសេសអ្នកផលិត និងតំណាងសហគមន៍ ដែលបានចូលរួមផ្តល់ធាតុចូល និងបទពិសោធជាក់ស្តែង។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា វត្តមានរបស់តួអង្គស្ទើរតែគ្រប់ផ្នែកនៃខ្សែច្រវាក់តម្លៃ គឺមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះការអភិវឌ្ឍវិស័យកសិកម្មត្រូវការការចូលរួម ការសម្របសម្រួល និងការទទួលខុសត្រូវរួមគ្នា។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា សិក្ខាសាលានេះ មិនមែនរៀបចំឡើងគ្រាន់តែដើម្បីឱ្យមានឯកសារផែនការមួយបន្ថែមទៀតនោះទេ ប៉ុន្តែអ្វីដែលត្រូវសម្រេចឱ្យបានច្បាស់ គឺក្នុងរយៈពេល៥ឆ្នាំខាងមុខ វិស័យកសិកម្មខេត្តកំពង់ធំ នឹងត្រូវទៅក្នុងទិសដៅណា អ្វីជាអាទិភាពពិតប្រាកដ តើអ្វីត្រូវធ្វើមុន និងអ្វីត្រូវធ្វើក្រោយ អ្នកណាជាអ្នកអនុវត្ត ហើយសំខាន់ជាងនេះ តើការផ្លាស់ប្តូរទាំងនោះនឹងធ្វើឱ្យប្រាក់ចំណូល និងជីវភាពប្រជាពលរដ្ឋប្រសើរឡើងយ៉ាងដូចម្តេច។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កម្ពុជា កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ខណៈបរិយាកាសតំបន់ និងពិភពលោកកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជា។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ បម្រែបម្រួលអាកាសធាតុ ការប្រែប្រួលតម្លៃស្បៀង និងថាមពល ព្រមទាំងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា បានតម្រូវឱ្យកម្ពុជាបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងកសាងមូលដ្ឋានផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានភាពធន់។ក្នុងបរិការណ៍នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកវិស័យកសិកម្មថា កាន់តែមានសារៈសំខាន់ ព្រោះជាវិស័យដែលអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ ប្រាក់ចំណូល និងជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយមានទិសដៅជំរុញការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិ-ពាណិជ្ជកម្មទំនើប ដែលមានផលិតភាព ប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់។ទិសដៅនេះត្រូវបានគាំទ្រតាមរយៈការវិនិយោគលើធារាសាស្ត្រ ហិរញ្ញប្បទាន សហគមន៍កសិកម្ម បច្ចេកវិទ្យា ការកែច្នៃ ការបើកទីផ្សារ និងការទាក់ទាញវិនិយោគ ដើម្បីជំរុញការភ្ជាប់គោលនយោបាយកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍមូលដ្ឋាន ឱ្យដើរទៅក្នុងទិសដៅតែមួយ។សម្រាប់ខេត្តកំពង់ធំ តាមការប៉ាន់ប្រមាណបឋមនៃគណនេយ្យផលិតផលក្នុងស្រុកសរុបរបស់ខេត្តសម្រាប់ឆ្នាំ២០២៥ វិស័យកសិកម្មមានចំណែកប្រមាណ ៧៤,១% នៃសេដ្ឋកិច្ចខេត្ត ខណៈវិស័យឧស្សាហកម្មមានប្រមាណ ៦,៣% និងវិស័យសេវាកម្មប្រមាណ ១៩,៦%។ ក្នុងវិស័យកសិកម្ម អនុវិស័យដំណាំមានចំណែកប្រមាណ ៤៧% និងជលផល-នេសាទប្រមាណ ១៧,៧%។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា ការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តទាំងមូល។ តាមការប៉ាន់ប្រមាណបឋម សេដ្ឋកិច្ចខេត្តកំពង់ធំក្នុងឆ្នាំ២០២៥ មានទំហំប្រមាណ ១,៥៤៥លានដុល្លារអាម៉េរិក និងចំណូលសម្រាប់មនុស្សម្នាក់ប្រមាណ ១,៨៤៦ដុល្លារអាម៉េរិក។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចោទជាសំណួរថា បើឧស្សាហកម្មមានចំណែកត្រឹមប្រមាណ៦% តើតម្លៃបន្ថែមរបស់កសិផលបានទៅនៅឯណា? ហេតុអ្វីកសិផលមួយផ្នែកធំនៅតែចេញទៅក្នុងទម្រង់ជាវត្ថុធាតុដើម? ហើយហេតុអ្វីការស្តុក ការកែច្នៃ ការវេចខ្ចប់ និងសេវាភ្ជាប់នានា មិនទាន់រីកធំស្របតាមផលិតកម្មកសិកម្ម?លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកចន្លោះរវាងមូលដ្ឋានផលិតកម្មដ៏ធំ និងសមត្ថភាពបង្កើតតម្លៃបន្ថែមនេះថា ជា ឱកាសសេដ្ឋកិច្ចដ៏សំខាន់ ដែលផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ ត្រូវតែឆ្លើយតបឱ្យបានច្បាស់លាស់។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំ គឺត្រូវឈានពី Agriculture-based Economy ទៅ Agro-industrial Economy។ គោលដៅមិនមែនធ្វើឱ្យកំពង់ធំកាន់តែពឹងផ្អែកលើកសិកម្មនោះទេ ប៉ុន្តែត្រូវប្រើប្រាស់មូលដ្ឋានកសិកម្មដ៏ធំនេះ ដើម្បីជំរុញកសិ-ឧស្សាហកម្ម សេវាកម្ម ការវិនិយោគ និងការបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ខេត្តកំពង់ធំមានសក្តានុពលជាច្រើន រួមមាន ដី ទឹក បឹងទន្លេសាប ស្ទឹងសែន ស្ទឹងជីនិត ស្ទឹងស្ទោង ផលិតផលកសិកម្មជាច្រើនប្រភេទ និងទីតាំងស្ថិតនៅចំកណ្តាលប្រទេស ដែលអាចតភ្ជាប់ទៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តជុំវិញ។ សក្តានុពលទាំងនេះអាចជាមូលដ្ឋានសម្រាប់អភិវឌ្ឍខេត្តកំពង់ធំទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំ កែច្នៃ និងចែកចាយកសិផល។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បញ្ហាសំខាន់របស់កំពង់ធំមិនមែនខ្វះសក្តានុពលនោះទេ ប៉ុន្តែជាការរៀបចំសក្តានុពលទាំងនេះឱ្យទៅជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។លោកបានលើកឧទាហរណ៍ថា ស្រូវមិនគួរបញ្ចប់ត្រឹមការលក់ស្រូវ ស្វាយចន្ទីមិនគួរបញ្ចប់ត្រឹមការលក់គ្រាប់ឆៅ ហើយដំឡូងមី កៅស៊ូ ជលផល និងផលិតផលសត្វ ក៏គួរត្រូវបានជំរុញឱ្យមានការកែច្នៃ និងបង្កើតតម្លៃបន្ថែមនៅក្នុងខេត្តផងដែរ។ដូច្នេះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំឆ្នាំ២០២៦-២០៣០ ត្រូវពិនិត្យឱ្យបានច្បាស់ថា ផលិតផលនីមួយៗអាចបង្កើតការកែច្នៃ បច្ចេកវិទ្យា ភស្តុភារកម្ម ហិរញ្ញវត្ថុ ជំនាញ និងទីផ្សារបន្ថែមបានកម្រិតណា ដើម្បីឱ្យផលិតកម្មកសិកម្មមិនត្រឹមតែមានបរិមាណច្រើន ប៉ុន្តែអាចបង្កើតតម្លៃបន្ថែមខ្ពស់ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ