ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី Aleks Zittle ភារធារី ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅទីស្នាក់ការក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើឱកាសវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិកនៅកម្ពុជា ព្រមទាំងលទ្ធភាពក្នុងការចាប់ដៃគូជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាពិសេសក្នុងវិស័យថាមពល និងថាមពលកកើតឡើងវិញ ដែលត្រូវបានចាត់ទុកថាជាវិស័យមានសក្តានុពលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។លោកស្រី Aleks Zittle បានបង្ហាញពីការចាប់អារម្មណ៍របស់ក្រុមហ៊ុន និងវិនិយោគិនសហរដ្ឋអាម៉េរិក ចំពោះវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ជាពិសេសចំពោះគម្រោងវិនិយោគធំៗរបស់ រ៉ូយ៉ាល់ គ្រុប ដែលអាចបង្កើតឱកាសសម្រាប់ក្រុមហ៊ុនអាម៉េរិកចូលរួមជាដៃគូ និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍ និងបង្ហាញការបើកចំហចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិកដែលមានបំណងមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ និងតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន បទុមសាគរ អេនើជី ឯ.ក (Botum Sakor Energy Company Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រប់គ្រងទាំងស្រុងដោយ រ៉ូយ៉ាល់ គ្រុប។ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសក្តានុពល និងភាពទាក់ទាញ នៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយសង្កត់ធ្ងន់លើស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន និងវិនិយោគិនបរទេស។ កត្តាទាំងនេះ ត្រូវបាន មើលឃើញថាជាមូលដ្ឋានសំខាន់សម្រាប់ការទាក់ទាញទុនវិនិយោគ និងជំរុញការចូលរួមរបស់ក្រុមហ៊ុនអន្តរជាតិក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។សូមជម្រាបថា ក្នុងចំណោមគម្រោងវិនិយោគសំខាន់ៗរបស់ រ៉ូយ៉ាល់ គ្រុប ក្នុងវិស័យថាមពល គឺគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ LNG របស់ ក្រុមហ៊ុន បទុមសាគរ អេនើជី ដែលមានអានុភាពសរុប ៩០០មេហ្កាវ៉ាត់ និងទុនវិនិយោគប្រមាណ ១,៣៤ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានចាត់ទុកថាជាគម្រោងថាមពលដ៏ធំមួយ ដែលអាចចូលរួមពង្រឹងសមត្ថភាពផលិតអគ្គិសនី និងសន្តិសុខថាមពលរបស់កម្ពុជា។គម្រោងបានចាប់ផ្តើមសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ មានអានុភាព ៤៥០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ ខណៈដំណាក់កាលទី២ ដែលមានអានុភាព ៤៥០មេហ្គាវ៉ាត់ បន្ថែមទៀត គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។ការអភិវឌ្ឍគម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេស កាត់បន្ថយសម្ពាធលើប្រព័ន្ធផ្គត់ផ្គង់ថាមពល ជួយបង្កើនស្ថិរភាពបណ្តាញអគ្គិសនី និងគាំទ្រដល់ការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ