ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បើកវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្ត្រការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល»
Wed,12 August 2026 (Time 04:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Bizkhmer Digital Media បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្ត្រការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីលោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយមានសហគ្រិន ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាជីវករ ពាណិជ្ជករ ព្រមទាំងសិស្ស-និស្សិត ប្រមាណ៨០នាក់ចូលរួម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) ម្ចាស់អាជីវកម្ម និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការពង្រឹងសមត្ថភាពការពារគណនី និងទិន្នន័យអាជីវកម្មពីការក្លែងបន្លំ ឬការវាយប្រហារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ផលិតភាពអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទឌីជីថល។

ឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្វែងយល់អំពីយុទ្ធសាស្ត្ររៀបចំ និងគ្រប់គ្រងឯកសារតាមប្រព័ន្ធឌីជីថលឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។ តាមរយៈវគ្គនេះ អ្នកចូលរួមនឹងទទួលបានការណែនាំដោយផ្ទាល់ពីវាគ្មិនជំនាញ ដើម្បីអនុវត្តចំណេះដឹងទាំងនេះក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្ម ដែលជាកត្តាសំខាន់សម្រាប់ការប្រកួតប្រជែង និងឆ្លើយតបតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

ក្នុងវគ្គបណ្តុះបណ្តាល លោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងជូនដល់សហគ្រិន និងម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីយុទ្ធសាស្ត្រការពារគណនី និងទិន្នន័យអាជីវកម្ម ការការពារព័ត៌មានពីការឆបោកតាមអនឡាញ ព្រមទាំងវិធីសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា សភាពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះសមាជិក-សមាជិកា ជាពិសេសអាជីវករ ពាណិជ្ជករ និងធុរជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធី និងវគ្គបណ្តុះបណ្តាលនានា ដើម្បីផ្តល់ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពអាជីវកម្ម ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចសកល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើទទួលបានកិច្ចសហការពីមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Bizkhmer Digital Media ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ