ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។ កិច្ចជំនួបនេះដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស។ក្រោយពីសម្តែងការស្វាគមន៍ចំពោះលោកស្រី Matilda Bogner និងសហការី លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងអំណរគុណចំពោះការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនារបស់ OHCHR ជាមួយនឹង គ.ស.ម.ក.។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកល នៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦២។ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖- ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។- ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រលប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។- ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យ មានជនភៀសសឹកជាង ៦៤ម៉ឺននាក់។- ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។- ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ន ជនភៀសសឹកជាង ២០ ០០០នាក់ មិនអាចវិលត្រលប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។ក្នុងឱកាសនោះ លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា OHCHR បានតាមដាន ដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព រស់នៅរបស់អ្នកទាំងនោះផងដែរ។លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់ OHCHR ចំពោះការយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ក៏ដូចជាពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ