ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧៣ឆ្នាំកន្លងមកនេះ បានផ្តល់នូវសមិទ្ធផលជាច្រើនជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា លើវិស័យសន្តិភាព ការអភិវឌ្ឍ ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះមីន។ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់លោកឯកអគ្គរាជទូត ក្នុងរយៈពេលបីឆ្នាំកន្លងមក ដែលបានរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចបានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលកម្ពុជាទុកចិត្តជានិច្ច ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ជប៉ុនក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងការលះបង់របស់កងកម្លាំងរក្សាសន្តិភាពជប៉ុនក្រោមបេសកកម្ម UNTAC។សម្តេចបានគូសបញ្ជាក់ថា ជំនួយ និងកិច្ចសហប្រតិបត្តិការរបស់ជប៉ុន បានបង្កើតលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍកម្ពុជា។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានជាង ២,៦ពាន់លានដុល្លារអាមេរិក ខណៈទុនវិនិយោគជប៉ុននៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥ មានសរុប ២,៩ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១៧,០០០នាក់ និងទទួលយកពលករខ្មែរជិត ៧ម៉ឺននាក់ ទៅបម្រើការងារ ដែលបានរួមចំណែកបង្កើនប្រាក់ចំណូល និងជំនាញបច្ចេកទេសសម្រាប់ការអភិវឌ្ឍប្រទេស។ជាការឆ្លើយតប លោក អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា និងរដ្ឋសភាកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។ លោកក៏បានបង្ហាញមោទនភាពចំពោះការដឹកនាំរបស់សម្តេចជាប្រធានរដ្ឋសភាស្ត្រីលើកដំបូងរបស់កម្ពុជា និងបានលើកឡើងថា ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល៣ឆ្នាំ លោកបានធ្វើដំណើរទៅកាន់គ្រប់រាជធានី-ខេត្ត និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងផ្លាស់ប្តូរទស្សនកិច្ចសិក្សាបទពិសោធន៍ផ្នែកនីតិកម្ម។ សម្តេចប្រធានរដ្ឋសភា បានអះអាងថា កម្ពុជាគាំទ្រយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ជប៉ុន ដែលស្របនឹងទស្សនវិស័យរបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏បានស្នើឱ្យភាគីជប៉ុនបន្តគាំទ្រការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជំរុញការកសាង សភាឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ