វៀតណាម៖ លោក ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងលើកទឹកចិត្តអ្នកវិនិយោគរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។សម្តេច ឃួន សុដារី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាជាយូរមកហើយ។ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា វៀតណាមនឹងបន្តអនុវត្តរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា និងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។លោកបានឱ្យដឹងថា បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ឱ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនានាជាមួយកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រទេស និងប្រជាជនទាំងសងខាង។ក្នុងជំនួបនេះ លោកក៏បានស្នើឱ្យបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងគាំទ្រគម្រោងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ ទន្ទឹមនឹងនោះ ភាគីវៀតណាមក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានផ្តល់កិច្ចសហការក្នុងបេសកកម្មស្វែងរកអដ្ឋិធាតុយុទ្ធជនវៀតណាម ដែលបានពលីនៅលើទឹកដីកម្ពុជា។សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ការបន្តពង្រីកការវិនិយោគពីវៀតណាម និងបានស្នើឱ្យភាគីវៀតណាមពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើវិស័យមានសក្តានុពលនៅកម្ពុជា ដូចជា កសិកម្ម អប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍។សម្តេចក៏បានបញ្ជាក់ថា កម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរវៀតណាម ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកំណើនពាណិជ្ជកម្មទ្វេភាគី ដែលបានឈានដល់ ១១,៣៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ហើយរំពឹងថានឹងកើនលើស ១២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៦។ ប្រទេសទាំងពីរក៏បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។ក្រៅពីវិស័យសេដ្ឋកិច្ច ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការបណ្តុះបណ្តាលមន្ត្រីរាជការ ព្រមទាំងការពង្រឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានគាំទ្រដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT)។ សម្តេចបានស្នើឱ្យវៀតណាមបន្តគាំទ្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញដំណើរការសន្តិភាព ដើម្បីឱ្យបញ្ហារវាងកម្ពុជា និងថៃអាចដោះស្រាយបានដោយសន្តិវិធីក្នុងពេលឆាប់ៗខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ