ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកសារព័ត៌មាន និងតំណាងសហជីព ចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ពីការអភិវឌ្ឍជំនាញ និងឱកាសការងារសម្រាប់អតីតពលករវិលត្រឡប់មកពីប្រទេសថៃ
Sun,26 July 2026 (Time 07:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ខេត្តស្វាយរៀង៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ និងតំណាងសហជីព បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តកម្មវិធីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្របងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការទទួលស្គាល់បទពិសោធន៍ការងារ និងការភ្ជាប់ទៅកាន់ឱកាសការងារក្នុងស្រុក។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ហាញឱ្យសាធារណជន និងដៃគូពាក់ព័ន្ធបានឃើញពីវិធានការជាក់ស្តែង ដែលបានអនុវត្ត ដើម្បីជួយឱ្យបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ អាចបន្តអាជីព មានការងារសមរម្យ បង្កើនប្រាក់ចំណូល និងរស់នៅប្រកបដោយស្ថិរភាពនៅក្នុងប្រទេស។

ក្នុងឱកាសនោះ អ្នកចូលរួមបានទស្សនាពីដំណើរការវាយតម្លៃសមត្ថភាព ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(Recognition of Prior Learning – RPL) ការបណ្តុះបណ្តាលជំនាញ ការណែនាំអំពីកម្មវិធី TVET ១.៥M និងឱកាសការងារពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលកំពុងជួយភ្ជាប់អតីតពលករទៅកាន់ឱកាសការងារនៅក្នុងរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងបណ្តាខេត្តជិតខាង។

គណៈប្រតិភូក៏បានជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយបានចែករំលែកបទពិសោធន៍អំពីការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ការធ្វើតេស្តទទួលស្គាល់ជំនាញ ការបណ្តុះបណ្តាលបន្ថែម និងការទទួលបានការងារថ្មីដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ មិនត្រឹមតែជាការទទួលស្វាគមន៍ពួកគាត់ត្រឡប់មកមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តបង្កើតឱកាសឱ្យពួកគាត់មានជំនាញដែលស្របទៅតាមតម្រូវការទីផ្សារការងារ ទទួលបានការងារសមរម្យ និងអាចកសាងអនាគតរបស់ខ្លួននៅកម្ពុជា។»

ឯកឧត្តមបានបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រនានាក្នុងខេត្តស្វាយរៀង ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការអភិវឌ្ឍជំនាញ ការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានទទួលធ្វើតេស្តវាយតម្លៃសមត្ថភាពលើជំនាញផ្សារអគ្គិសនី ដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃបានចំនួន ១៦០នាក់​ ក្នុងនោះអ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១២២នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតចំនួន ៣៨នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ