ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ការបង្កើត ការជំរុញ និងពង្រឹងការអនុវត្តចលនាប្រឡងប្រណាំង ការផ្ដល់សេវាជូនប្រជាពលរដ្ឋ គឺជាវិធីសាស្ត្រដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពសេវាជូនប្រជាពលរដ្ឋ។ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ទន្ទឹមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ មិនមែនជាភារកិច្ចរបស់សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់រដ្ឋបាលថា្នក់ក្រោមជាតិគ្រប់លំដាក់ថ្នាក់ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ដែលត្រូវចូលរួមដឹកនាំ សម្របសម្រួល គាំទ្រ ត្រួតពិនិត្យ វាយតម្លៃ និងកៀគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ឆ្លៀតឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់សាគន្លឹះចំនួន៩ ជូនដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីរួមគ្នាបន្តពង្រឹង និងកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត រួមមាន៖១-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់ទុកការដឹកនាំ និងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ជាភារកិច្ច និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់ខ្លួន។២-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗត្រូវបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មថែមទៀតក្នុងការដឹកនាំ សម្របសម្រួល និងគាំទ្រដល់មណ្ឌលសុខភាព សាលារៀន និងមន្ទីរពេទ្យក្នុងដែនដីរបស់ខ្លួន ឱ្យជាប់ជ័យលាភីកាន់តែច្រើនជាងមុន។៣-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមក្នុងការគាំទ្រអង្គភាពសេវាសាធារណៈ ដោយមិនរង់ចាំតែ ការណែនាំពីថ្នាក់ជាតិគ្រប់រឿងនោះឡើយ។៤-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងបង្កើនការចុះពិនិត្យគាំទ្រផ្ទាល់នៅតាមសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងក្តាប់ឱ្យបាននូវបញ្ហា សំណើ សំណូមពរ និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។៥-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ត្រូវខិតខំកៀរគរការគាំទ្រ ទាំងធនធានថវិកា សម្ភារ បច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកកែលម្អអង្គភាពផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។៦-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវផ្តល់ការលើកទឹកចិត្តជាលិខិតសរសើរ ឬការគាំទ្រផ្សេងៗដល់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំនៅតាមសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលបានប្រើអស់កម្លាំងកាយចិត្ត ខិតខំផ្តល់សេវាជូនប្តូរជាពលរដ្ឋប្រកប ដោយមនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យអង្គភាពរបស់ខ្លួនជាប់ជ័យលាភីជាអង្គភាពគំរូ។៨-សូមអំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ រួមគ្នាប្រែក្លាយ ចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឱ្យក្លាយជាចលនាជាតិមួយក្នុងការលើកកម្ពស់វប្បធម៌ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ។៩-ស្នើឱ្យក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ សហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកលើដំណើរការរៀបចំ និងអនុវត្តចលនាប្រឡប្រណាំងអង្គភាពសេវាសាធារណៈគំរូ និងចលនាប្រឡងប្រណាំងនានា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ