ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៤ ខែកក្កដានេះ បានរៀបចំ «វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការសំខាន់ៗ សម្រាប់ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វេទិកានេះ គឺជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដែលត្រូវបានរៀបចំជាប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យនិយ័តករ និងប្រតិបត្តិករធានារ៉ាប់រង រួមគ្នាពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងឧបសគ្គនានា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។បើតាមលោក ប៊ូ ច័ន្ទភីរូ ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនប្រមាណ ៥ភាគរយ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ ដែលបង្ហាញពីភាពធន់នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា បើទោះបីជាមានវិបត្តិក្រៅប្រទេស វិបត្តិនៅមជ្ឈឹមបូព៌ា និងបញ្ហានៅតាមព្រំដែនក៏ដោយ។បន្ទាប់ពីកិច្ចពិភាក្សា វេទិកា បានឯកភាពលើវិធានការសំខាន់ៗចំនួន ៥ រួមមាន៖ទី១ និយ័តករធានារ៉ាប់រងកម្ពុជា នឹងសិក្សា និងរៀបចំបង្កើត មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង ឱ្យបានឆាប់ ដើម្បីគ្រប់គ្រង រក្សាទុក និងចែករំលែកទិន្នន័យជូនប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធ។ គោលបំណងគឺបង្កើតមូលដ្ឋានទិន្នន័យរឹងមាំ សម្រាប់ការអភិវឌ្ឍផលិតផលធានារ៉ាប់រងដែលមានគុណភាព តម្លៃសមរម្យ និងអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់។ទី២ និយ័តករធានារ៉ាប់រងកម្ពុជា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនូវ សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនវិស័យធានារ៉ាប់រង។ទី៣ និយ័តករធានារ៉ាប់រងកម្ពុជា នឹងដាក់ចេញនូវគោលការណ៍ណែនាំស្តីពី ស្តង់ដារកិច្ចព្រមព្រៀងរវាងអន្តរការីធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយកំណត់ឱ្យមានភាពច្បាស់លាស់លើកម្រៃជើងសារ និងកម្រៃផ្សេងៗ ដើម្បីបង្កើនតម្លាភាព និងស្តង់ដារនៃការធ្វើអាជីវកម្ម។ទី៤ ចាប់ពីឆ្នាំ២០២៧ តទៅ វេទិកានេះនឹងពង្រីកវិសាលភាពរបស់ខ្លួនទៅជា «វេទិកានិយ័តករ អគ្គនាយក និងអតិថិជនធានារ៉ាប់រង» ដើម្បីបង្កើនការចូលរួមពីអតិថិជន និងឆ្លុះបញ្ចាំងតម្រូវការជាក់ស្តែងរបស់ទីផ្សារ។ទី៥ ប្រតិបត្តិករធានារ៉ាប់រងទាំងអស់ ត្រូវពង្រឹងការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ជាប្រចាំជូននិយ័តករ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់គុណភាព និងភាពជឿជាក់នៃទិន្នន័យទីផ្សារធានារ៉ាប់រង។សូមបញ្ជាក់ថា ការដាក់ចេញវិធានការទាំង៥នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងវិស័យធានារ៉ាប់រង ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ការបង្កើនតម្លាភាពក្នុងទីផ្សារ និងការលើកកម្ពស់ទំនុកចិត្តរបស់អតិថិជន សំដៅជំរុញឱ្យវិស័យធានារ៉ាប់រងកម្ពុជារីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ