ភ្នំពេញ៖ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកស្រី អេវរីល ហុង (Avril Hong) នៃទីភ្នាក់ងារសារព័ត៌មាន ប្ល៊ូមប៊ើក (Bloomberg) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តក្នុងការជំរុញយុទ្ធនាការបង្ក្រាបទូទាំងប្រទេស លើបណ្តាញឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន។សម្តេចធិបតី បានសង្កត់ធ្ងន់ថា បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតល្មួត រវាងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាម៉េរិក និងចិន ដោយសារតែបណ្តាញឧក្រិដ្ឋជនទាំងនេះ មិនប្រកាន់និន្នាការនយោបាយ និងអាចវាយប្រហារប្រទេសទាំងពីរក្នុងពេលតែមួយដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ។ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការឆបោកតាមប្រព័ន្ធអនឡាញ» ដោយមានការចូលរួមពីភាគីចិន និងទីភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI ដែលដឹកនាំដោយលោក ខាស ផាថែល (Kash Patel)។ បន្ថែមលើនេះ សម្តេចធិបតី បានបដិសេធចំពោះការលើកឡើងថា មានក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីបិទបាំងបទល្មើស ដោយសម្តេចបានចេញបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរត្រួតពិនិត្យ ហើយប្រសិនបើរកឃើញ នឹងត្រូវរងទណ្ឌកម្មតាមច្បាប់ជាធរមាន ព្រោះតំបន់ទាំងនោះត្រូវបានបង្កើតឡើងសម្រាប់តែទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប៉ុណ្ណោះ។ងាកមកបញ្ហាជម្លោះដែនសមុទ្រជាមួយប្រទេសថៃឯណោះវិញ សម្តេចនាយករដ្ឋមន្ត្រីបានបំភ្លឺថា ការចោទប្រកាន់របស់ថ្នាក់ដឹកនាំថៃ ដែលថាកម្ពុជាសម្រេចចិត្តងាកទៅរកយន្តការអង្គការសហប្រជាជាតិ យូអិនក្លូស (UNCLOS) ហើយបិទផ្លូវមិនព្រមចរចាព្រំដែនគោកនោះ គឺជាការលើកឡើងមិនត្រឹមត្រូវ និងអយុត្តិធម៌។ ហេតុផលពិតប្រាកដ គឺដោយសារតែរដ្ឋាភិបាលថៃ បានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ទោះបីជាមានការស្នើសុំពីកម្ពុជាក៏ដោយ ហេតុនេះកម្ពុជាទើបគ្មានជម្រើសអ្វីក្រៅពីងាកទៅរកយន្តការសម្របសម្រួលជាកាតព្វកិច្ចរបស់ UNCLOS។ចំពោះវឌ្ឍនភាពនៃការចរចាដែនសមុទ្រនេះ សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្នភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលចរចាជ្រើសរើសប្រធានក្រុមប្រឹក្សា ឬចៅក្រមទី៥ បន្ទាប់ពីភាគីសងខាងបានតែងតាំងចៅក្រមតំណាងម្នាក់ៗចំនួន ២រូបរួចរាល់ ដូច្នេះវាឆាប់រហ័សខ្លាំងពេកក្នុងការកម្រិតវិសាលភាពនៃការពិភាក្សា មិនថាលើការខណ្ឌសីមាព្រំដែន ឬការអភិវឌ្ឍរួមគ្នានោះឡើយ ពោលគឺត្រូវជំរុញដំណើរការជ្រើសរើសនេះ ឱ្យដើរទៅមុខសិន។ដោយឡែក ជុំវិញករណីដែលសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុងផាត់ និងលោក កុក អាន សម្តេចធិបតីយល់ឃើញថា នេះជារឿងផ្ទាល់ខ្លួន ហើយសាមីខ្លួនបានជួលក្រុមមេធាវីដើម្បីតតាំងតាមផ្លូវច្បាប់រួចហើយ។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយកន្លងមកបានដកតំណែងមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ ផ្កាយ២ ផ្កាយ១ ព្រមទាំងអភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួនដែលមានភស្តុតាងពាក់ព័ន្ធ ហើយការស៊ើបអង្កេតជាច្រើនទៀតកំពុងបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ