(បាត់ដំបង)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៤ ៧០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដល់ប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីលើកកម្ពស់ឱកាសការងារក្នុងស្រុក ពង្រឹងការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ដូចរៀងរាល់សប្តាហ៍ដែរ ការខិតខំផ្សព្វផ្សាយ និងការជួបសម្ភាសដោយផ្ទាល់រវាងបណ្តាក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងស្វែងរកការងារធ្វើ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលជួបសំណេះសំណាលជាមួយអ្នកចូលរួមទាំងអស់ បានជំរុញឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង ពីបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។ ឯកឧត្តមបញ្ជាក់អំពីការងារក្នុងស្រុកដោយស្របច្បាប់ គឺមិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលផ្តល់ការគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរ។ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ ឯកឧត្តមបានណែនាំថា ប្រសិនបើមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង, វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ហើយដែលកម្មវិធីនេះមានជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារការងារ ព្រមទាំងការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី។សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារចំនួន ៤ ៧០០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី, ក្រុមហ៊ុន ថាកូ អាហ្រ្គីព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកស្វែងរកការងារ និងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ