ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។ ការលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីបានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាមួយគ្នានោះដែរ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ