ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ជនជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាលប្រមាណ ១០០នាក់ ទទួលបានការផ្សព្វផ្សាយអប់រំ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់រាជរដ្ឋាភិបាលកម្ពុជា
Thu,16 July 2026 (Time 01:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ខេត្តកណ្តាល៖ ជនជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាលប្រមាណ ១០០នាក់ ទទួលបានការផ្សព្វផ្សាយអប់រំ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតី ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម ណុប ដារ៉ា បានបញ្ជាក់ថា ការផ្សព្វផ្សាយនាថ្ងៃនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងដល់ជនជាប់ឃុំ អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន ច្បាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការចូលរួមអនុវត្តយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់ការប្រើប្រាស់ ការជួញដូរ ការចែកចាយ និងការផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងសង្គម។

ឯកឧត្តម ណុប ដារ៉ា បានបន្ថែមថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព អនាគតគ្រួសារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមជាតិ។ ដូច្នេះ ការផ្សព្វផ្សាយអប់រំ និងការកែប្រែឥរិយាបថរបស់ជនជាប់ឃុំ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យពួកគេយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន កែប្រែខ្លួន និងត្រៀមខ្លួនវិលត្រឡប់ទៅរស់នៅក្នុងសង្គមវិញប្រកបដោយទំនួលខុសត្រូវ និងគ្មានការពាក់ព័ន្ធនឹងគ្រឿងញៀន។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់ជនជាប់ឃុំទាំងអស់ ឱ្យខិតខំកែប្រែអាកប្បកិរិយា គោរពបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ទទួលយកការអប់រំ និងចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយ ដើម្បីក្លាយជាពលរដ្ឋល្អ បន្ទាប់ពីបានអនុវត្តទោសរួច និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតគ្រួសារ និងសហគមន៍ដែលគ្មានគ្រឿងញៀន។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ពន្ធនាគារ មិនមែនគ្រាន់តែជាកន្លែងអនុវត្តទោសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តល់ឱកាសដល់ជនជាប់ឃុំក្នុងការអប់រំ កែប្រែខ្លួន បណ្តុះគំនិតវិជ្ជមាន និងត្រៀមសមាហរណកម្មទៅក្នុងសង្គមវិញ ដូច្នេះការផ្សព្វផ្សាយចំណេះដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើងវិញ និងរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់មន្ត្រីពន្ធនាគារ កងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សូមបន្តពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការលួចនាំចូលគ្រឿងញៀន និងវត្ថុហាមឃាត់គ្រប់ប្រភេទចូលក្នុងពន្ធនាគារ ព្រមទាំងបន្តអនុវត្តវិធានការត្រួតពិនិត្យ និងអប់រំជាប្រចាំ ដើម្បីធានាឱ្យពន្ធនាគារជាបរិស្ថានដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមដែរថា រដ្ឋបាលខេត្តកណ្តាលនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានពន្ធនាគារ កងកម្លាំងមានសមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ មន្ត្រីជំនាញក៏បានធ្វើបទបង្ហាញអំពីច្បាប់ និងទោសទាន់ពាក់ព័ន្ធនិងគ្រឿងញៀន ព្រមទាំងផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចគ្រួសារ និងសង្គម ដែលបណ្ដាលមកពីគ្រឿងញៀន ជូនដល់ជនជាប់ឃុំ ទុកជាចំណេះដឹង និងជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែមទៀតផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ