ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោក SonexayVannaxay ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និងបានគូសរំលេចអំពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលុងជាង១ពាន់ឆ្នាំរវាងកម្ពុជា-ឡាវ ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នាហើយដែលតែងតែផ្តល់ការគាំទ្រគ្នា និងសហការគ្នាលើគ្រប់វិស័យទៅវិញទៅមកដូចបងប្អូន។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាទំនាក់ទំនងដ៏រឹងមាំនេះ បានមកពីការពូនជ្រំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ចាប់តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតThongloun Sisoulith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតមកដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ។លោក Sonexay Vannaxay បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដូចជាផ្លូវ និងអាកាសយានដ្ឋានជាដើម ក៏ដូចជាសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម និងមានគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញច្រើនកន្លែង តាមរយៈការធ្វើដំណើររបស់លោកផ្ទាល់ទៅកាន់បណ្តាខេត្តនានារបស់កម្ពុជានាពេលថ្មីៗនេះ។ឯកអគ្គរដ្ឋទូតឡាវ ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្រ្តីឡាវ មកដកស្រង់បទពិសោធលើការអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS និងលើផ្នែកឌីជីថលប្រកបដោយជោគជ័យ ហើយក៏ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។លោក បានប្តេជ្ញាថា នឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប តាមច្រកផ្លូវគោកដោយរថយន្ត នៅក្នុងអាណត្តិការងារការទូតរបស់លោក។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសជាមួយបណ្តាប្រទេសដៃគូ ដូចជាប្រទេសចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់មេគង្គ ជាពិសេសការតភ្ជាប់រវាង ចិន-ឡាវ-កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយកម្ពុជា និងឡាវ គួរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ស្របតាមនិន្នាការនៃការអភិវឌ្ឍក្នុងតំបន់។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាជាច្រកនាំចេញរបស់ឡាវ ទៅកាន់ទីផ្សារអន្តរជាតិពិសេសការប្រើប្រាស់ព្រែកជីកហ្វូណនតេជោតែម្តង។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសការផ្គត់ផ្គង់អគ្គិសនីពីប្រទេសឡាវមកកម្ពុជា ព្រមទាំងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មរបស់កម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងជួយបង្កើនឱកាសទីផ្សារ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជា ជាមួយនឹងខេត្តចំប៉ាសាក់របស់ឡាវ។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរលោក Sonexay Vannaxay ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំនិងមានផ្លែផ្កាបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរជាបងប្អូន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ