ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក បានសម្រេចជាប្រវត្តិសាស្ត្រលើកិច្ចព្រមព្រៀង «បើកចំហជើងមេឃ» (Open Skies Agreement) បន្ទាប់ពីការចរចាអស់រយៈពេល ១២ឆ្នាំ ដែលត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងប្រទេសទាំងពីរ។ការសម្រេចនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។យោងតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ជំនួបនេះមានអត្ថន័យយុទ្ធសាស្ត្រខ្ពស់ និងផ្តល់សញ្ញាវិជ្ជមានសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសក្នុងវិស័យអាកាសចរណ៍ និងការវិនិយោគ។លោកបានគូសបញ្ជាក់ថា លទ្ធផលសំខាន់ៗដែលកើតចេញពីជំនួបនេះ មានចំនួន ៣ រួមមាន ការពង្រឹងទំនុកចិត្តលើវិស័យអាកាសចរណ៍កម្ពុជា ការសម្រេចបានកិច្ចព្រមព្រៀង Open Skies Agreement និងការបង្ហាញសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។លោកបានបន្តថា ការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញពីការកើនឡើងនៃការទទួលស្គាល់ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសក្តានុពលរបស់កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគ និងមជ្ឈមណ្ឌលតភ្ជាប់ផ្លូវអាកាសក្នុងតំបន់។ចំពោះកិច្ចព្រមព្រៀង Open Skies Agreement វានឹងបង្កើតក្របខណ្ឌគោលនយោបាយ និងច្បាប់កាន់តែបើកចំហសម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ។ ទោះបីជាក្នុងរយៈពេលខ្លី មិនទាន់មានជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកក៏ដោយ កិច្ចព្រមព្រៀងនេះនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេវាហោះហើរត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌទីផ្សារសមស្រប។អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ភាពបត់បែនកាន់តែច្រើនដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការរៀបចំបណ្តាញជើងហោះហើរ បង្កើតភាពជាដៃគូអាជីវកម្ម ពង្រីកកិច្ចព្រមព្រៀង Codeshare និងបង្កើនការតភ្ជាប់អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។លោក ស៊ីន ចាន់សិរីវុត្ថា បានវាយតម្លៃថា សារៈសំខាន់បំផុតនៃលទ្ធផលជំនួបនេះ គឺការទទួលស្គាល់ និងទំនុកចិត្តដែលសហរដ្ឋអាមេរិកបានបង្ហាញចំពោះទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។ ការគាំទ្រចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ និងការសម្រេចបានកិច្ចព្រមព្រៀង Open Skies គឺជាសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស្តង់ដារអន្តរជាតិ និងពង្រឹងការតភ្ជាប់ជាមួយពិភពលោក។លោក បានបញ្ជាក់ទៀតថា ក្នុងរយៈពេលវែង កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្មអន្តរជាតិ ព្រមទាំងគាំទ្រចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មដ៏សំខាន់មួយនៅក្នុងតំបន់។កិច្ចព្រមព្រៀង Open Skies រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានចាត់ទុកថា ជាសមិទ្ធផលការទូត និងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ពង្រឹងការតភ្ជាប់សកល និងទាក់ទាញវិនិយោគិន អ្នកទេសចរ និងដៃគូពាណិជ្ជកម្មអន្តរជាតិកាន់តែច្រើននាពេលអនាគត។សូមជម្រាបថា កាលពីពេលថ្មីៗនេះ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) បានអនុម័តហិរញ្ញប្បទានប្រមាណ ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅកម្ពុជា និងការជឿជាក់លើសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ