ភ្នំពេញ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់នៅទូទាំងប្រទេសកម្ពុជា រស្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាប់យកឱកាសដ៏អំណោយផលនៃរដូវវស្សានេះ ដោយចូលរួមក្នុងយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូត El Niño (អែ លនីញ៉ូ) និងការប្រែប្រួលអាកាសធាតុ។លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំកូនឈើចំនួន ៥លានដើម សម្រាប់ចែកជូនសាធារណជនដោយឥតគិតថ្លៃនៅក្នុងឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការដាំដើមឈើឱ្យបានយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងពង្រីកគម្របបៃតងរបស់កម្ពុជា តាមរយៈការចូលរួមយ៉ាងទូលំទូលាយពីសំណាក់សាធារណជន។ សាធារណជនអាចទទួលយកកូនឈើដោយឥតគិតថ្លៃពីគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងពីថ្នលបណ្តុះកូនឈើថ្នាក់តំបន់ទាំង ៥របស់ក្រសួង ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចមកទទួលដើមឈើ និងយកទៅការដាំនៅក្បែរមូលដ្ឋាន។លើសពីនេះទៅទៀត កូនឈើរាប់ម៉ឺនដើម នឹងត្រូវដាក់តាំងបង្ហាញ និងចែកជូនដោយឥតគិតថ្លៃនៅក្នុង «ពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា នៅមុខទីស្តីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញ។ អ្នកចូលទស្សនា នឹងមានឱកាសទទួលបានកូនឈើ ដើម្បីយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម ចម្ការ កន្លែងធ្វើការ ភូមិឋាន និងទីសាធារណៈនានា។សូមបញ្ជាក់ថា រដូវវស្សាផ្តល់នូវលក្ខខណ្ឌសមស្របបំផុតសម្រាប់ការដាំដុះដើមឈើ ព្រោះទឹកភ្លៀងគ្រប់គ្រាន់ ជួយឱ្យកូនឈើតូចៗអាចចាក់ឫសបានរឹងមាំ និងមានអត្រារស់រានមានជីវិតខ្ពស់។ ការចែកជូនកូនឈើនៅទូទាំងប្រទេសនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ក្រសួងបរិស្ថានក្នុងជំរុញការដើមដើមឈើ និងការបង្កើនគម្របព្រៃឈើ ព្រមទាំងជំរុញឱ្យប្រជាជនកម្ពុជាគ្រប់រូប ក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន។ដើមឈើ គឺជាខែលការពារធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយរបស់ប្រទេស ប្រឆាំងនឹងផលប៉ះពាល់នៃបាតុភូត El Niño និងការប្រែប្រួលអាកាសធាតុ។ ដើមឈើជួយកាត់បន្ថយកម្តៅ រក្សាសំណើមដី ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះស្រទាប់ដី ចាប់យកឧស្ម័នកាបូនិច លើកកម្ពស់គុណភាពខ្យល់ ផលិតឧស្ម័នអុកស៊ីសែន និងផ្តល់ជាជម្រកសម្រាប់សត្វព្រៃ។ ការពង្រីកគម្របដើមឈើ ក៏ជួយឱ្យសហគមន៍មូលដ្ឋាននានាបង្កើនភាពធន់នឹងកម្តៅ និងទប់ស្កាត់ការខ្វះខាតទឹកអូសបន្លាយពេលផងដែរ។ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប រួមមាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា ព្រះសង្ឃ កសិករ មន្ត្រីរាជការ កងកម្លាំងប្រដា ប់អាវុធ អាជីវករ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានឱ្យមកចូលរួមទស្សនា «ពិព័រណ៍ពន្លកបៃតង» និងចូលរួមក្នុងចលនាដាំដើមឈើជាតិនៅឆ្នាំនេះឱ្យបានច្រើនកុះករ។ក្រសួងបរិស្ថាន បានបញ្ជាក់ថា «ដើមឈើគ្រប់ដើមដែលបានដាំនៅថ្ងៃនេះ នឹងជួយពង្រឹងកម្ពុជានៅថ្ងៃស្អែក។ យើងអាចរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃបាតុភូត El Niño ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារធនធានទឹក បង្កើនជីវៈចម្រុះ និងធ្វើឱ្យកម្ពុជាឱ្យមានភាពស្រស់បំព្រង បៃតង និងស្រស់ស្អាតសម្រាប់ជំនាន់ក្រោយ»។ក្រសួងបរស្ថានលើកទឹកចិត្តដល់សាធារណជនដែលមកទទួលយកកូនឈើទាំងអស់ សូមយកទៅដាំ និងថែទាំវាឱ្យបានដិតដល់ ដើម្បីកូនឈើមានការលូតលាស់បានល្អ ដែលបង្ហាញពីការចូលរួមជំរុញជោគជ័យនៃយុទ្ធនាការនេះ ដែលមិនមែនវាស់វែងត្រឹមតែចំនួនកូនឈើ ដែលបានចែកជូននោះទេ ប៉ុន្តែគឺការឆ្លុះបញ្ជាំងពីអត្រាចំនួនដើមឈើ ដែលរស់រានមានជីវិត និងលូតលាស់ទៅជាដើមឈើដ៏រឹងមាំ។តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងរាជរដ្ឋាភិបាល និងសាធារណជន ក្រសួងបរិស្ថាន មានគោលបំណងកសាងវប្បធម៌ដាំដើមឈើ និងការស្រឡាញ់ការពារបរិស្ថាន ឱ្យបានយូរអង្វែង ដើម្បីធានាថា កម្ពុជានៅតែជាប្រទេស ដែលស្អាត បៃតង មានភាពធន់ និងមានចីរភាព សម្រាប់ជំនាន់ក្រោយៗទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ