កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានរបស់ខ្លួន។ការផ្ដាំផ្ញើនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទូទាំងខេត្តកណ្ដាល ក្រោមគណៈអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្តកណ្តាលបន្តថា សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងលើផ្នែកច្បាប់ នីតិវិធី និងភាពជាអ្នកដឹកនាំ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុម័តនានា ប្រកបដោយស្មារតីទទួលខុសត្រូវ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការតាមដានត្រួតពិនិត្យ និងជំរុញគណៈអភិបាលក្រុង-ស្រុកឱ្យអនុវត្តការងារនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពឆាប់រហ័ស និងគ្មានការរើសអើង និតបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការល្អរវាងក្រុមប្រឹក្សា និងគណៈអភិបាល ធានាថារាល់ការពិភាក្សា ការអនុម័តលើផែនការអភិវឌ្ឍន៍ប្រាំឆ្នាំដែលបានរៀបចំឡើងសម្រាប់ផ្តល់ជាចំណេះដឹង និងពង្រឹងសមត្ថភាពជូនដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំងខេត្តកណ្ដាលរបស់យើង។ឯកឧត្ដម បន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ បុរេសកម្ម និងស៊ីជម្រៅ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”ដោយយកការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្រ ជាពិសេសតាមរយៈការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ផ្អែកលើ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)»សំដៅពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្ដមសង្ឃឹមថា បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ នឹងទទួលបាននូវចំណេះដឹង ថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួន និង រួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ