ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញដល់សមាជិកអាស៊ានទាំង១១ រួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ជាពិសេសការឆរបោកតាមអនឡាញ
Wed,24 June 2026 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងភេរវកម្ម និងបទល្មើសផ្សេងៗទៀត ពិសេសការឆរបោកតាមអនឡាញ(Scam)។ ការលើកឡើងដូចនេះ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមអនឡាញបានក្លាយជាហានិភ័យសម្រាប់ប្រទេសនៅក្នុងតំបន់ទាំងមូល។ ទន្ទឹមគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ក៏បានបង្កើនកិច្ចសហប្រតិបត្តិជាមួយបណ្តាប្រទេសនានា ដូចជា ចិន ជប៉ុន កូរ៉េ ក្នងក្របខណ្ឌ DGICM សំដៅដល់ការធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងការងារកុងស៊ុល។ លោកក៏បានជំរុញឲ្យមានការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ក៏ដូចជាបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសនានាផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំ DGICM លើកទី២៩ មានប្រសាសន៍ថា ចាប់តាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ DGICM បានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់រយៈពេល ៣០ឆ្នាំនេះ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិតជាមានមោទនភាពណាស់ ដែលបានរួមដំណើរជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ដទៃទៀត ក្នុងការធ្វើឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង និងសហគមន៍អាស៊ាន ចាកផុតពីការគំរាមគំហែងនៃឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍នានា។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា កិច្ចប្រជុំ DGICM លើកទី២៩ នាឆ្នាំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈដែលនៅសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួន បានស្នើឡើង។ ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ សរុបចំនួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយ និងតាមកម្មវិធីដែលបានគ្រោងទុក រួមមាន កិច្ចប្រជុំថ្នាក់ប្រធានប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗ នៃអាស៊ាន លើកទី៩ (9th AMICF) កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU) កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ានលើកទី២១ (21st AIIF) កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលីលើកទី២១ (21st DGICM + Australia)កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។

សម្រាប់កិច្ចប្រជុំឆ្នាំនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានកំណត់យកប្រធានបទ (Theme) ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” (Digital Transformation and Human-Centric Innovation: Toward a Secure and Seamless ASEAN) ជាប្រធានបទដែលស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគ្រស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

បច្ចុប្បន្ន ការវិវឌ្ឍផ្នែកបច្ចេកវិទ្យា បានឈានដល់យុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាអន្តោប្រវេសន៍ គឺជាកិច្ចការអាទិភាពក្នុងការឆ្លើយតបទៅនឹងបរិបទថ្មីនៃចលនាបំលាស់ទីរបស់មនុស្ស ពិសេសការបំលាស់ទីដែលពាក់ព័ន្ធនឹងបទល្មើសតាមបែបបច្ចេកវិទ្យា (Cyber Crimes) និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាន (Online Scams) ដែលជាបទល្មើសថ្មីមិនប្រពៃណី ហើយកំពុងបង្កជាហានិភ័យដល់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានរបស់យើង។

ផ្អែកតាមប្រធានបទខាងលើ សសរស្តម្ភសំខាន់ៗសម្រាប់ទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់តំបន់អាស៊ាន ដែលមានសុវត្ថិភាព និងសមាហរណកម្ម រួមមាន បរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវជំរុញការប្រើប្រាស់ AI ដើម្បីធ្វើទំនើបកម្មនីតិវិធីអន្តោប្រវេសន៍ ចាប់ពីការសម្របសម្រួលទិដ្ឋាការ រហូតដល់ការពង្រឹងការត្រួតពិនិត្យព្រំដែន និងការគ្រប់គ្រងជនបរទេសនៅក្នុងផ្ទៃប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ