រតនគិរី៖ ពិធីប្រកាសចូលកាន់មុខតំណែងលោក ម៉ឹង ស៊ីនាថ ជាអភិបាលរងខេត្តរតនគិរី ជំនួសលោក មួង ប៉ាង ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារជាអភិបាលរងខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ក្នុងឱកាសនោះ លោក អ៊ុត សំអន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការតែងតាំងលោក ម៉ឹង ស៊ីនាថ ជាអភិបាលរងខេត្តរតនគិរី គឺធ្វើឡើងស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្អែកលើសមត្ថភាព ចំណេះដឹង បទពិសោធន៍ការងារ និងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល។ លោក ម៉ឹង ស៊ីនាថ ដែលធ្លាប់បំពេញតួនាទីជានាយករដ្ឋបាលសាលាខេត្តរតនគិរី ត្រូវបានផ្តល់ទំនុកចិត្តឱ្យឡើងកាន់តំណែងជាអភិបាលរងខេត្ត ជំនួសលោក មួង ប៉ាង ដែលបានបំពេញអាណត្តិរយៈពេល ៨ឆ្នាំ។ជាមួយគ្នានេះ លោក អ៊ុត សំអន បានសម្តែងនូវជំនឿជាក់ថា លោក ម៉ឹង ស៊ីនាថ នឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមាន ដើម្បីចូលរួមដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តរតនគិរីឱ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។លោកក៏បានអំពាវនាវដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បន្តផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយលោកអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍខេត្តរតនគិរីឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ