ពោធិ៍សាត់៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ៣៥០នាក់។នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ការបំពេញកាតព្វកិច្ចអន្តរជាតិជាសមាជិកអង្គការសហប្រជាជាតិ ការបង្កើនការយល់ដឹងដល់អង្គភាពថ្នាក់ក្រោមជាតិ និងការជំរុញការចូលរួមរបស់ពួកគេក្នុងការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយ។ លោកបានលើកឡើងពាក់ព័ន្ធនឹងលម្ហពលរដ្ឋ និងលម្ហនយោបាយនៅកម្ពុជាថា មានភាពទូលំទូលាយ ដែលអាចនិយាយបានថាជាឋានសួគ៌នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងសហជីព ព្រមទាំងបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមក៏មានលក្ខណៈសម្បូរបែប និងដំណើរការដោយសេរី។ បន្ថែមពីនេះទៀត មានគណៈបក្សនយោបាយជាច្រើនបានចូលរួមចុះបញ្ជី និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ព្រមទាំងអាចធ្វើសកម្មភាពនយោបាយតាមច្បាប់ដោយគ្មានការរិតត្បិត។លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយការដាក់ពាក្យបណ្តឹងតវ៉ា ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអាស៊ាន និងយន្តការអន្តរជាតិនានា ការដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងការចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ហើយរាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។ស្របពេលជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា “ខេត្តគំរូ” ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដោយបានសង្កត់ធ្ងន់ថា “ខេត្តពោធិ៍សាត់ដែលគ្មានសំរាមតាមដងផ្លូវ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ គឺជាការលើកកម្ពស់សិទ្ធិរស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ”។លោកទេសរដ្ឋមន្ត្រី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តឱ្យបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីមូលដ្ឋានផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា សន្តិភាពគឺជាមូលដ្ឋានសម្រាប់សិទ្ធិមនុស្ស។ ជាមួយគ្នានេះ មន្ត្រីគ្រប់រូបត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ចុះដល់មូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់ និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ