ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភា បានបើកកិច្ចប្រជុំរួមគ្នា នៅថ្ងៃទី១៥ ខែមិថុនា ដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទប្រធានអន្តរសភាលើកទី២ ដែលគ្រោងធ្វើនាពេលខាងមុខនេះ។កិច្ចប្រជុំ បានប្រារព្ធធ្វើនៅវិមានព្រឹទ្ធសភា ក្រោមវត្តមានលោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរផងដែរ។កិច្ចប្រជុំរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរនាពេលនេះ គឺធ្វើឡើងដើម្បីធានាឱ្យបាននូវកិច្ចសហការយ៉ាងរលូន សុវត្ថិភាព និងភាពជោគជ័យកម្រិតខ្ពស់ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទអន្តរ ជាតិដ៏មានសារៈសំខាន់នេះ។គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព និងការបង្ហាញផែនការសកម្មភាពការងាររបស់អនុគណៈកម្មការជំនាញទាំង ៥ ដែលរួមមាន៖១. អនុគណៈកម្មការខ្លឹមសារ និងឯកសារ។២. អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ។៣. អនុគណៈកម្មការព័ត៌មាន ផ្សព្វ ផ្សាយ និងព័ត៌មានវិទ្យា។៤. អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម។៥. អនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច ឡូជីស្ទីក និងលេខាធិការដ្ឋាន។សូមជម្រាបថា នៅក្នុងខែសីហា ខាងមុខនេះ សភាកម្ពុជា ដែលមានទាំងរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងសកលលោកសំខាន់ៗជាច្រើន។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន កិច្ចប្រជុំវេទិកាសភានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលោក លើកទី៩ (APPF-GH) ដែលនឹងផ្តោតលើការពិភាក្សាអំពីសន្តិសុខសុខាភិបាល, កិច្ចប្រជុំស្តីពីការវិនិយោគលើវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ ក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN RAI), កិច្ចប្រជុំសម្របសម្រួលស្តីពីវេទិកាថ្នាក់ដឹកនាំអាយប៉ា (The Coordinating Meeting on AIPA Leaders' Forum)ដែលជាជំនួបកម្រិតខ្ពស់ដើម្បីសម្របសម្រួលទិសដៅការងារ និងយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំសភាអាស៊ាន និងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ ដើម្បីពិនិត្យលើការងារបច្ចេកទេស និងគោលនយោបាយរួម។ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗទាំងអស់នេះរបស់សភាកម្ពុជា មិនត្រឹមតែស្តែងឱ្យឃើញពីការកើនឡើងនូវឥទ្ធិពល និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ មកលើសមត្ថភាពដឹកនាំ និងការរួមចំណែកដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោកផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ