ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ONLINES CAMS ដោយបានរកឃើញពាក់ព័ន្ធប្រព្រឹត្ត បទល្មើស ONLINE SCAMS ៣ករណី ជាមួយនឹងការចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យបាននាំចូល ស្តុកនិងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃបានចំនួន ៥១ទីតាំង រកឃើញឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នាំចូលទំនិញទាំងនេះពីប្រទេសថៃ។លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា អាជ្ញាធររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូ រ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៨៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២០នាក់ (ស្រី ១៧៨នាក់) ពុំមានលិខិតឆ្លងដែន៣នាក់។ ក្នុងនោះក្រុម ការងារបានរកឃើញពាក់ព័ន្ធប្រព្រឹត្ត បទល្មើស ONLINE SCAMS ៣ករណី រួមមាននៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរសព្ទចំនួន ២១ គ្រឿង កុំព្យូទ័រ (Laptop) ចំនួន ១គ្រឿង លិខិតឆ្លងដែន ជនជាតិចិនចំនួន ២ក្បាល។នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិតឆ្លងដែន៣នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរសព្ទចំនួន ២៦គ្រឿង ក្ដាចុច (Keyboard) ចំនួន ៣គ្រឿង ស៊ីមកាតបរទេសមិនទាន់ប្រើ (នៅថ្មី) ចំនួន៣៣ស៊ីម ស៊ីមកាតបរទេសប្រើប្រាស់រួចចំនួន ១៩ស៊ីម កុំព្យូទ័រ (Laptop) ចំនួន ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។នៅអគារខុនដូ ដឺខាសហ្សលរ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ព្រមទាំង សម្ភារមួយចំនួន រួមមាន ទូរសព្ទ ២៨គ្រឿង កុំព្យូទ័រ AllIn one ២គ្រឿង Laptop ១៣គ្រឿង Tablet ១គ្រឿង និងស៊ីមកាតមួយចំនួន។លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើសម្ភារជាកុំព្យូទ័រ និងទូរសព្ទ បានសន្និដ្ឋានបានថា ទីតាំងខាងលើ មានជាប់ពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS។ ជនសង្ស័យ និងសម្ភារខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន៨នាក់ គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល។លោកស្រី ដោ សម្ផស្ស បានបន្តថា ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យបាននាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុបបានចំនួន ៥១ទីតាំង។ ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា អនុវត្តទៅតាមអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តឃ្លាំមើល និងចុះពិនិត្យគ្រប់ឃ្លាំង និងទីតាំងស្តុកផលិតផលទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារកឲ្យឃើញនូវការលួចនាំចូល ស្តុកទុក និងចែកចាយសាច់បង្កកពីប្រទេសថៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ