ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការត្រួតពិនិត្យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសរុបចំនួន ៧៤ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុប ៤៥២នាក់ ក្នុងនោះស្រី ១៥៤នាក់ និងរកឃើញជនបរទេសចំនួន ២នាក់ គ្មានលិខិតឆ្លងដែន។នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ក្នុងចំណោមទីតាំងទាំង ៧៤នោះ ក្រុមការងារបានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១ករណី ស្ថិតនៅបុរីពិភពថ្មី ឡាសែនសុខ២ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ (ប្រុស) ក្នុងនោះមាន ២នាក់ គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ ៧គ្រឿង និងទូរស័ព្ទដៃ ១៥០គ្រឿង។លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថា ករណីខាងលើជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ១ករណីទៀត ស្ថិតនៅផ្ទះសំណាក់ រីលែក្ស (បន្ទប់លេខ៣០៥ ជាន់ទី៣ និងបន្ទប់លេខ៤០៥ ជាន់ទី៤) ផ្ទះលេខ៦៤ ផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ប្រុស) និងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ៤៣គ្រឿង កុំព្យូទ័រយួរដៃ ៤គ្រឿង និងម៉ូនីទ័រ ១គ្រឿង។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ក្នុងថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំស្នាក់នៅ ដែលផ្ទុយនឹងអនុក្រឹត្យលេខ០៣ ចំនួន ២ទីតាំង ពាក់ព័ន្ធមនុស្ស ៤នាក់ ដោយផាកពិន័យជាថវិកាសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល)។លទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ដែលបានអនុវត្តការងារស្របពេលគ្នា ដោយប្តេជ្ញាលុបបំបាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពនៅក្នុងមូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ