បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានក្រើនរំឭកដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយម រួមគ្នាគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល។ឯកឧត្តម សុខ លូ ក្រើនរំឭកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធី មនសិការពលរដ្ឋល្អក្រោមប្រធានបទ តួនាទីរបស់យុវជនក្នុងការចូលរួមថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍសង្គម។កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងផ្ដល់នូវចំណេះដឹងថ្មីៗដើម្បីពង្រឹងសមត្ថភាពយុវជន។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានរំឭកពីគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយ និងយោធាដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៦-១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ និងស្វែងរកសន្តិភាពពេញលេញនៅកម្ពុជា។គោលការណ៍នេះផ្ដោតលើការផ្សះផ្សាជាតិដោយមិនប្រើអាវុធកម្ទេចគ្នា ធានាអាយុជីវិត មុខរបរ និងទ្រព្យសម្បត្តិជូនកម្លាំងខ្មែរក្រហមដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាល។ឯកឧត្តម គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង រកឃើញសុខសន្តិភាពពេញលេញនាំមកនូវការឯកភាពជាតិនិងឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងរយៈពេល៥០០ចុងក្រោយ ហើយរាជរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងការបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ឯកឧត្តម សង្កត់ធ្ងន់ថា ការស្វែងរកសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ហើយការការពារសន្តិភាពរឹតតែពិបាកទៅទៀតដូច្នេះត្រូវចូលរួមទាំងអស់គ្នាថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ។ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់យុវជនគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានមនុស្សជួយអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ជាពិសេសត្រូវរៀនឱ្យចេះបច្ចេកវិទ្យា និងភាសាបរទេស។ឯកឧត្តម សុខ លូ ដាស់តឿនដល់យុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ