កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ កម្លាំងចម្រុះ និងមន្ទីរពាក់ព័ន្ធ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសោភ័ណភាពទីក្រុង តាមបណ្ដោយផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦» ដែលនឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកណ្ដាល នាពេលខាងមុខនេះ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។យុទ្ធនាការនេះ ត្រូវបានអនុវត្តស្របតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋបាលក្រុងតាខ្មៅ ដោយផ្ដោតលើការរៀបចំសណ្ដាប់ធ្នាប់ ការទប់ស្កាត់សកម្មភាពរំលោភលើដីចំណីផ្លូវសាធារណៈ និងការរុះរើសំណង់ខុសច្បាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវលេខ១០៧ ផ្លូវលេខ១០៨ ផ្លូវលេខ២០៦ ផ្លូវលេខ២០៩ និងផ្លូវលេខ២១០ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរ។នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យដោយផ្ទាល់ និងណែនាំដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមសងខាងដងផ្លូវ ឱ្យរុះរើសំណង់ សំយាប តូបលក់ដូរ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ដែលរំលោភលើចំណីផ្លូវ ដើម្បីធានាឱ្យមានភាពទូលាយ សម្រួលចរាចរណ៍ និងបង្កើនសោភ័ណភាពទីក្រុង។លោក ណុប ដារ៉ា បានលើកឡើងថា គោលបំណងសំខាន់នៃការចុះរៀបចំនេះ គឺដើម្បីធ្វើឱ្យដងផ្លូវសំខាន់ៗក្នុងក្រុងតាខ្មៅ មានភាពស្អាតស្អំ មានរបៀបរៀបរយ ស័ក្តិសមជាទីក្រុងស្អាត និងជាម្ចាស់ផ្ទះទទួលព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារៈសំខាន់។ ទន្ទឹមនឹងនេះ ក៏ជាការជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ផងដែរ។អាជ្ញាធរខេត្តកណ្ដាល ក៏បានបញ្ជាក់ថា ការអនុវត្តវិធានការនេះ គឺផ្អែកលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិជាធរមាន រួមទាំងច្បាប់ស្តីពីផ្លូវថ្នល់ អនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវ និងវិធានការពង្រឹងការប្រើប្រាស់ដីចំណីផ្លូវសាធារណៈ។ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ដោយចាត់ទុកថា ការរៀបចំសណ្ដាប់ធ្នាប់នេះ មិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយ និងមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព។ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្ត និងគោរពតាមសេចក្ដីជូនដំណឹងឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សាសោភ័ណភាព កិត្តិយសខេត្តកណ្ដាល និងធានាឱ្យព្រឹត្តិការណ៍ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦» ប្រព្រឹត្តទៅដោយជោគជ័យ និងអធិកអធម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ