ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Patricia Ongpin ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងជំនួបនេះ លោកស្រី Patricia Ongpin បានសម្តែងការអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ជាពិសេសការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងសុខាភិបាល និងកិច្ចសហការល្អរវាងដៃគូពាក់ព័ន្ធទាំងអស់។ លោកស្រីប្រធានអង្គការ UNAIDS ក៏បានជម្រាបជូន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីផែនការ និងការត្រៀមរៀបចំសម្រាប់ការផ្តល់សុពលភាព និងការទទួលស្គាល់ជាផ្លូវការ ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ ស្របតាមស្តង់ដារ និងគោលការណ៍ណែនាំអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានជម្រាបជូនអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលគ្រោងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីប្រកាស និងផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ ជូនព្រះរាជាណាចក្រកម្ពុជា។ជាការឆ្លើយតប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ UNAIDS ដែលបានគាំទ្រកម្ពុជា យ៉ាងជិតស្និទ្ធ និងបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ទាំងផ្នែកបច្ចេកទេស ការតស៊ូមតិ និងការចលនាធនធាន ក្នុងការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផល ដែលកម្ពុជាសម្រេចបាននាពេលនេះ គឺជាលទ្ធផលនៃភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ និងការប្តេជ្ញាចិត្ត រួមក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមភាព គ្មានការរើសអើង។ ការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ គឺជាសក្ខីភាពយ៉ាងច្បាស់នៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ព្រមទាំងបានបង្ហាញថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវ ឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ចប់ជំងឺអេដស៍ ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០ តាមរយៈការពង្រឹងការធ្វើសមាហរណកម្មសេវាបង្ការ ធ្វើតេស្ត និងព្យាបាលអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ការពង្រីកសេវា PrEP ការធ្វើតេស្តដោយខ្លួនឯង ការពង្រឹងប្រព័ន្ធសហគមន៍ និងការបង្កើននិរន្តភាពហិរញ្ញប្បទានសម្រាប់កម្មវិធីអេដស៍នៅកម្ពុជា។ សូមបញ្ជាក់ជូនថា គោលដៅ ៩៥-៩៥-៩៥ គឺជាគោលដៅសកលរបស់អង្គការ UNAIDS ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០៣០។ គោលដៅនេះ មានន័យថា៖- ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវដឹងពីស្ថានភាពផ្ទុកមេរោគរបស់ខ្លួន- ៩៥% នៃអ្នកដែលដឹងថាខ្លួនផ្ទុកមេរោគអេដស៍ ត្រូវទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART)- ៩៥% នៃអ្នកដែលកំពុងទទួលការព្យាបាល ត្រូវមានបរិមាណមេរោគក្នុងឈាមទាបខ្លាំង (viral suppression) ដែលអាចជួយឱ្យមានសុខភាពល្អ និងកាត់បន្ថយការចម្លងមេរោគទៅអ្នកដទៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ