បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដែលធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា។សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឯកសារគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដើម្បីបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសាររួមនៃគោលនយោបាយនៅថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការផ្គត់ផ្គង់លំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានសមរម្យសម្រាប់ជួលនៅខេត្តបាត់ដំបង។ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោក ហេង សាលពិសិដ្ឋ អគ្គនាយរងនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាបានលើកឡើងពីសារសំខាន់នៃលំនៅឋានដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់រានរបស់មនុស្សគ្រប់រូបហើយប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងច្រើនគួរជាទីមោទនៈ។ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលតែងតែគិតគូរជួយដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងការរៀបចំទីប្រជុំជន។ឯកឧត្តម គូសបញ្ជាក់ថា ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន៣៥១២ខ្នងផ្ទះដោយមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ខណៈរដ្ឋបាលខេត្តបាននិងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាសំណង់មិនរៀបរយ ការរំដោះដីចំណីផ្លូវ ការសាងសង់ផ្លូវ ប្រព័ន្ធលូរំដោះទឹក ការរៀបចំផ្លូវដើរ ផ្លូវជិះកង់ និងការដាំដើមឈើ ទាំងនៅក្នុងក្រុង និងនៅតាមទីប្រជុំជនស្រុក។ឯកឧត្តម សង្កត់ធ្ងន់ថា បន្ទាប់ពីប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបងបានបញ្ចប់ ការសាងសង់ផ្លូវចំនួន២១ខ្សែក្រោមគម្រោងរបស់ADB នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ចំណែកផ្លូវចំនួន១៤ខ្សែដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ឯកឧត្តម សុខ លូ បានបង្ហាញពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ