ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងយុត្តិធម៌ បានចាប់ផ្តើមដំណើរការប្រឡងប្រជែង ដើម្បីជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្នែកច្បាប់ចំនួន ៤៥រូប ឱ្យចូលបម្រើការងារ
Fri,29 May 2026 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ភ្នំពេញ៖ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានបេក្ខជន និងបេក្ខនារីជាង ១,០០០នាក់ ទទួលបានសិទ្ធិចូលរួមប្រឡង ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» និងអនុវត្តតាមទិសស្លោករបស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ការប្រឡងនេះ រៀបចំឡើងដោយគណៈកម្មការដឹកនាំដោយក្រសួងមុខងារសាធារណៈ ដើម្បីជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្នែកច្បាប់ចំនួន ៤៥រូប ឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌។ នេះជាការប្រឡងលើកទី១ សម្រាប់ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌ តាមរយៈយន្តការគណៈកម្មការដឹកនាំដោយក្រសួងមុខងារសាធារណៈ ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈ។

លោក ជីន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានថ្លែងនៅមណ្ឌលប្រឡងថា ដំណើរការប្រឡងត្រូវបានរៀបចំយ៉ាងសុក្រឹត្យ មានតម្លាភាព ភាពយុត្តិធម៌ និងអាចជឿទុកចិត្តបាន ដើម្បីជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងជំនាញសមស្របតាមតម្រូវការរបស់ក្រសួង។
លោកបានបញ្ជាក់ថា៖ «ការរៀបចំប្រឡងនេះ មានភាពច្បាស់លាស់ និងធានាបាននូវការជ្រើសរើសមន្ត្រីល្អ មានសមត្ថភាពតាមជំនាញដែលយើងត្រូវការ»។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាប្រឡងត្រូវបានរៀបចំភ្លាមៗ មុនពេលប្រឡងចាប់ផ្តើម ដើម្បីធានាបាននូវភាពសម្ងាត់ និងយុត្តិធម៌ពេញលេញ។ លោកបានបញ្ជាក់ថា សូម្បីតែរូបលោកផ្ទាល់ ដែលជាអ្នកជ្រើសរើសប្រធានវិញ្ញាសា ក៏មិនបានដឹងមុនអំពីខ្លឹមសារវិញ្ញាសានោះដែរ។ លើសពីនេះ សន្លឹកកិច្ចការរបស់បេក្ខជនគ្រប់រូប ក៏មានហត្ថលេខារបស់លោកផ្ទាល់ផងដែរ។

សូមជម្រាបថា ការប្រឡងមានចំនួន ៥វិញ្ញាសា រួមមាន៖
១- វិញ្ញាសាសរសេររដ្ឋប្បវេណី
២- វិញ្ញាសាសរសេរព្រហ្មទណ្ឌ
៣- វិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ
៤- វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស
៥- វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។
ដើម្បីធានាបាននូវតម្លាភាព និងភាពយុត្តិធម៌ ដំណើរការតាក់តែងវិញ្ញាសាត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ចាប់តាំងពីម៉ោង ៥ព្រឹក ក្រោមការតាមដានពីអ្នកសង្កេតការណ៍មកពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានធ្វើការណែនាំផ្ទាល់ដល់អនុគណៈកម្មការតាក់តែងវិញ្ញាសា អំពីនីតិវិធីនានា ដើម្បីរៀបចំជាជម្រើសវិញ្ញាសាជូនលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងសម្រេចជ្រើសរើសយកជម្រើសចុងក្រោយ សម្រាប់ការប្រឡងដែលចាប់ផ្តើមនៅម៉ោង ៨ព្រឹក។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺដំណើរការតាក់តែងវិញ្ញាសា ត្រូវបានបើកចំហឱ្យមានការចូលរួមសង្កេតការណ៍យ៉ាងពេញលេញពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងក្រសួងសាមី តំណាងក្រសួងពាក់ព័ន្ធ តំណាងសាកលវិទ្យាល័យ និងសាធារណជនទូទៅ។

ការបើកឱ្យមានការសង្កេតការណ៍ដោយផ្ទាល់នេះ ត្រូវបានចាត់ទុកថា ជាការបង្ហាញយ៉ាងច្បាស់ពីតម្លាភាព និងភាពស្អាតស្អំនៃការប្រឡងប្រជែង ដែលផ្តល់ទំនុកចិត្តដល់បេក្ខជនទាំងអស់ ស្របតាមទិសស្លោក «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ