ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានរដ្ឋសភា លើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ
Tue,26 May 2026 (Time 09:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសភា ព្រមទាំងវាគ្មិនអន្តរជាតិ ក្នុងតំបន់អាស៊ាន ដែលត្រូវអញ្ជើញមកចូលរួមសិក្ខាសាលាសភាថ្នាក់ជាតិ ស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលសភាកម្ពុជាធ្វើជាម្ចាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ។

សម្តេចប្រធានបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាតំបន់ គឺជាកត្តាកំណត់វាសនារួមដ៏សំខាន់បំផុត ក្នុងសមរភូមិប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ ព្រោះថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះបានដោយម្នាក់ឯងបាននោះឡើយ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការប្រែប្រួលអាកាសធាតុលែងជាក្តីបារម្ភដោយឡែកពីគ្នានៃប្រទេសសមាជិកអាស៊ានណាមួយទៀតហើយ ក៏ប៉ុន្តែវាគឺជាបញ្ហាប្រឈមបន្ទាន់ និងជាវិបត្តិអាកាសធាតុ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ សេដ្ឋកិច្ច និងសន្តិសុខរបស់មនុស្សជាតិនៅទូទាំងតំបន់អាស៊ានទាំងមូលរបស់យើង។

សម្តេចបានគូសបញ្ជាក់ថា បើគ្មានកម្លាំងសាមគ្គី និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអាស៊ានទេនោះ យើងក៏មិនអាចសម្រេចបាននូវអនាគតមួយដែលប្រកបដោយនិរន្តរភាពនោះបានដែរ។

សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តឱ្យមានការធ្វើសកម្មភាពសម្របសម្រួលរួមគ្នាប្រកបដោយសាមគ្គីភាពក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងអស់ ដោយឈរលើគោលការណ៍រួមសំឡេងតែមួយ ទិសដៅតែមួយ និងឈរជាមួយគ្នានៅក្នុង «គ្រួសារអាស៊ានតែមួយ» ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់បន្ថែមដែរថា តំណាងរាស្ត្រមានភារកិច្ចគន្លឹះក្នុងការប្រែក្លាយការប្តេជ្ញាចិត្ត និងឆន្ទៈផ្នែកអាកាសធាតុឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង តាមរយៈមុខងារនីតិកម្ម (ការតាក់តែងច្បាប់) ការបែងចែកកញ្ចប់ថវិកាជាតិ ការត្រួតពិនិត្យ និងគណនេយ្យភាព។ ជាងនេះទៅទៀត ស្ថាប័នសភាត្រូវតែធានាឱ្យបានថា គោលនយោបាយអាកាសធាតុទាំងឡាយ ដែលបានអនុវត្ត ត្រូវផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋានពិតប្រាកដ និងធានាថា «គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ» នៅក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងមានភាពធន់ខ្ពស់។

គួរជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលសភាធ្វើកម្ពុជាធ្វើជាម្ចាស់ផ្ទះពេញមួយថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការជំនាញព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ ព្រមទាំងប្រតិភូអន្តរជាតិ រួមមាន ឯកឧត្តម អេឌី សូប៉ាណូ (Eddy Soeparno) អនុប្រធានសភាប្រឹក្សាយោបល់ប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី, លោកជំទាវ អាន់ណា វិចតូរីយ៉ា វេលូសូ-ទួនហ្សុន (Anna Victoria Veloso-Tuazon) អនុប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាហ្វីលីពិន រួមទាំងតំណាងជាន់ខ្ពស់ពីមូលនិធិអាកាសធាតុថារ៉ា (Tara Climate), ស្ថាប័ន Responsible Project Ventures, និងមន្ទីរពិសោធន៍ថាមពលអាស៊ី។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ,ប្រធានក្រុមអាយប៉ាជាតិនៃរដ្ឋសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ