ត្បូងឃ្មុំ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានចុះបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បីតាមដានការអនុវត្តច្បាប់ និងជំរុញយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ក្នុងគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងមន្ទីរ-អង្គភាពជំនាញ ភាគីរដ្ឋសភាបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការចុះមកនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីយន្តការ លទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្តនាពេលកន្លងមក។ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថា បេសកកម្មនេះធ្វើឡើងដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម។ទាក់ទិននឹងបញ្ហាអធិបតេយ្យ និងការងារព្រំដែន ឯកឧត្តម សរ ចំរុង បានបញ្ជាក់បន្ថែមថា កន្លងមកគណៈកម្មការទី១ តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចេញញត្តិថ្កោលទោសចំពោះរាល់ការរំលោភបំពាននានា។ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពិតប្រាកដ។ជាការឆ្លើយតប ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍លម្អិតជូនគណៈប្រតិភូរដ្ឋសភាអំពីសមិទ្ធផលលើវិស័យរៀបចំដែនដី ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី។ឯកឧត្តមបានឱ្យដឹងថា នៅក្នុងយុទ្ធនាការជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តសម្រេចបាននូវជោគជ័យដ៏ធំធេង តាមរយៈការខិតខំរបស់មន្ត្រីបច្ចេកទេស និងការចូលរួមពីប្រជាពលរដ្ឋ។ចំពោះយន្តការដោះស្រាយទំនាស់ដីធ្លី ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមយន្តការច្បាប់ តាមរយៈគណៈកម្មការសុរិយោដីគ្រប់កម្រិត (ថ្នាក់ក្រុង-ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ដោះស្រាយក្រៅប្រព័ន្ធតុលាការ» ផ្អែកលើមូលដ្ឋានយុត្តិធម៌ សច្ចធម៌ និងការយោគយល់គ្នា។ បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានប្ដេជ្ញាចិត្តពង្រឹងយន្តការអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីធានាថាមន្ត្រីរាជការបំពេញតួនាទីដោយភាពស្មោះត្រង់ និងមិនរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ