ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសម្ដែងការអបអរសាទរ និងក្ដីមោទនចំពោះវឌ្ឍនភាពវិស័យការងារក្នុងខេត្តព្រៃវែង ដែលមកដល់បច្ចុប្បន្នមានរោងចក្រ សហគ្រាស សរុប២០៩កន្លែង បានកំពុងផ្ដល់ឱកាសការងារដល់កម្មករនិយោជិត ចំនួន ៧ ៥៥៤នាក់។ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តកម្មករនិយោជិតទាំងអស់ ខិតខំបំពេញការងារឱ្យបានល្អ ក្នុងន័យចូលរួមជួយជ្រោមជ្រែង ថែរក្សារោងចក្រ សហគ្រាស ឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។ការអបអរសាទរ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង(ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនពលរដ្ឋប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនពលរដ្ឋគ្រប់រូបថែមទៀតផង។ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កែលម្អលក្ខខណ្ឌការងារ និងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រោមបាវចនា «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ ជាក់ស្តែងក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប ១០៥គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍មដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ផ្តោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងការងារ ដោយជំរុញឱ្យនិយោជក និងកម្មករ សហការគ្នាបង្កើតបរិយាកាសដូចគ្រួសារ មានការយោគយល់ និងសន្តិសុខល្អ ភាគីទាំងអស់ត្រូវគោរពច្បាប់ការងារ និងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពផលិតកម្ម កម្មករត្រូវអភិវឌ្ឍជំនាញ និងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈនិយោជក និងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធឌីជីថល។ក្រៅពីនេះ ឯកឧត្តម ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាព ដោយបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងលើកកម្ពស់សុខភាពកម្មករ។ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហាពលរដ្ឋដោយស្មារតីសាមគ្គីភាព ខណៈកម្មករវិញត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា។ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ចំនួន ៣ ១០៨នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ចំនួន ៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ១៤ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ